(ភ្នំពេញ)៖ អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរលោក រត្ន័ សណ្ដាប់ បានថ្លែងថា ក្នុងការដែលព្រះករុណាព្រះបាទនរោត្ដម សីហមុនី បានត្រាស់បង្គាប់ តែងតំាងឧបនាយករដ្ឋមន្រ្ដី សុខ អាន រដ្ឋមន្រ្ដីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី ជាសម្ដេចវិបុលបញ្ញា សុខ អាន នេះ គឺពិតជាការឆ្លុះបញ្ចំាងឲ្យ ឃើញថា ព្រះរាជាណាចក្រកម្ពុជាយើងពិតជាត្រូវការជនដែលមានបញ្ញា ដូចជាករណីសម្ដេចវិបុល សុខ អាន នេះណាស់។
លោក រត្ន័ សណ្ដាប់ បានថ្លែងបន្ដថា ចំពោះបរមងារ«សម្ដេច វិបុលបញ្ញា សុខ អាន» បានន័យថា «ជនដែលបរិបូរដោយបញ្ញាយ៉ាងក្រៃលែង ក្នុងការបំពេញរាជការជូនផែនដី» ។
ស្ថិតក្នុងបរិការនេះ ចំពោះវីរភាពរបស់សម្ដេចវិបុលបញ្ញា បើយើងទំាងអស់គ្នាពិនិត្យ អំពីគុណតម្លៃ ដែលសម្ដេចវិបុល បានបូជាកម្លំាងកាយ កម្លំាងចិត្ដក្នុងការបំពេញភារកិច្ច ជូនជាតិ មាតុភូមិ កាលពីពេលកន្លងមក ដែលស្ថិតក្រោមការដឹកនំារបស់សម្ដេចតេជោ ហ៊ុន សែន គឺសម្ដេចវិបុល ពិតជាស័ក្តសម ក្នុងការទទួលនូវបរមងារនេះ ព្រោះសម្ដេចវិបុល បានចូលរួមចំណែកធ្វើឲ្យខ្មែរនិងខ្មែរ បានមករស់នៅជួបជុំគ្នាជាមហាគ្រួសារខ្មែរ តែមួយទ្បើងវិញ តាមរយៈកិច្ចព្រមព្រោងទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសទ្បើងវិញ ដូចយើងឃើញថ្ងៃនេះ គឺបន្ទាប់ពីសង្គមបានធ្លាក់ដល់សង្គមបុព្វកាលដោយសាររបបខ្មែរក្រហម, និងការទាមទារដាក់ប្រាសាទព្រះវិហារ បានចូលជាសម្បត្ដិបេតិកភណ្ឌពិភពលោក។
មិនតែប៉ណ្ណោះ សម្ដេចវិបុល ជានិច្ចកាលតែងតែប្រយុទ្ធប្រឆំាង ចំពោះជនបរទេសទំាងទ្បាយណាដែលមានចរឹកប្រមាថ ម៉ាកងាយខ្មែរ ដោយសារតែខ្មែរបានធ្លាក់ទៅក្នុងភ្នក់ភ្លើងនៃសង្រ្គាមកាលពីអតីតកាល ប្រកបដោយកាយវិការញញឹមរួសរាយរាក់ទាក់ ទន់ភ្លន់ រស់រវើក និងរឹងមំា។ ក្នុងនោះ រហូតពេលខ្លះសម្ដេចវិបុល បានព្រមានបរទេសខ្លះដែលមានចរឹកក្រអឺតក្រទមដោយចំៗថា «ខ្មែរពុំមែនជាកូនអាណានិយមរបស់ បរទេសណាមួយទេ»។
ស្ថិតក្នុងកាយវិការ ប្រកបដោយភាពទន់ភ្លន់ដ៏គួរឲ្យគោរពនេះ សម្ដេចវិបុល បានក្លាយជាប្រធានវេទិកាធំៗ របស់ពិភពលោកដែលតំណាង ឲ្យកម្ពុជា។ ពិសេសក្នុងពេលដែលសម្ដេចវិបុល បានក្លាយជាប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ហើយកម្ពុជា ក៏បានក្លាយជាម្ចាស់ផ្ទះ ក្នុងសម័យប្រជុំពេញអង្គលើកទី៣៧ កាលពីឆ្នាំ២០១៣ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលមានប្រទេសចូលរួមចំនួន១៩០ គឺពិតជាបានបង្ហាញអំពីមោទនភាពជាតិខ្មែរ ហើយនេះក៏ជាផ្លែផ្កាក្រោមការដឹកនំារបស់សម្ដេចតេជោ ហ៊ុន សែន និងជាការបញ្ជាក់យ៉ាង ច្បាស់ផងដែរថា កម្ពុជា ដែលធ្លាប់ជាប្រទេសមួយដ៏ខ្មៅងងឹតកាលពីអតីតកាល បានក្លាយជាប្រទេសដែលបរទេសដ៏គួរឲ្យគោរពរាប់អាន និងបានរៈទៅកាន់គ្រប់ទិសទីនៃពិភពលោក។
ជាចុងបញ្ចប់លោក រត្ន័ សណ្ដាប់ បានថ្លែងដោយការសោកស្ដាយថា នៅថ្ងៃ១៥ ខែមីនា សម្ដេច វិបុលបញ្ញា បានលាចាកពីយើងទំាងអស់គ្នា ជារៀងរហូតហើយ។ ហើយការលារបស់សម្ដេចនេះទៀតសោត គឺពិតជាការបាត់បង់យ៉ាងធំធេង ចំពោះកុលបុត្រខ្មែរ ដែលជាតំណាងឲ្យបញ្ញាជន ខ្មែរទំាងមូល។ តែចំពោះគុណតម្លៃរបស់សម្ដេចវិបុលបញ្ញា គឺបានស្ថិតក្នុងប្រទេសខ្មែរយើងគ្រប់កាល គ្រប់វេលា ជារៀងដរាប។
ចំពោះអំពីគុណតម្លៃបរមងារនេះទៀតសោត ក៏បានឆ្លុះបញ្ចំាងអំពីគុណតម្លៃប្រពៃណីខ្មែរ ដែលមានតំាងពីសម័យមហានគរ រៀងមក ក្នុងការផ្ដល់ជូន ដល់ឥស្សរជនដ៏ឆ្នើម ដែលបានបម្រើជាតិ មាតុភូមិ ជាក់ស្ដែង ក្នុងរាជព្រះបាទហស៌វរ្ម័នទី១ ស.វ.ទី១០ក្នុងសិលាចារឹក k164 គឺព្រះអង្គ បានផ្ដល់ដល់ឥស្សរជន ដែលមានឋានៈខ្ពង់ខ្ពស់ថា «រាជកុលមហាមន្ដ្រី» ក្នុងគោលបំណងដើម្បីទុកជាមនុស្សសម្រាប់ឧត្ដមប្រយោជន៍ជាតិ។
បើដូច្នេះលោក រត្ន័ សណ្ដាប់ សូមបួងដល់សម្ដេចវិបុលបញ្ញាថា បើមានជាតិក្រោយមែន សូមឲ្យសម្ដេច បានកើតជាខ្មែរគ្រប់ៗជាតិ៕