(ភ្នំពេញ)៖ គណៈប្រតិភូ កាកបាទក្រហមកម្ពុជា បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំ បំផុតចំពោះមរណភាព សម្តេចវិបុលបញ្ញា សុខ អាន សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី ដែលបានទទួលមរណភាព នៅវេលាម៉ោង១៨៖៣២នាទី ថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំវក អដ្ឋស័ក ព.ស. ២៥៦០ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។
ក្នុងមរណទុក្ខដ៏ក្រៀមក្រំក្តុកក្តួលនេះ គណៈប្រតិភូ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ បានប្រគល់លិខិតរំលែកទុក្ខ យ៉ាងក្រៀមក្រំ ជាទីបំផុតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូន លោកជំទាវ អាន្នី សុខអាន ឧត្តមភរិយា សម្តេចវិបុលបញ្ញា និងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោសព្រំដួងវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
មរណភាពរបស់ សម្តេចវិបុលបញ្ញា សុខ អាន គឺជាការបាត់បង់ ឧត្តមស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយ ព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លាមិនចេះរីងស្ងួត ចំពោះលោកជំទាវ បុត្រា បុត្រី ហើយក៏ជាការបាត់បង់ឥស្សរជនដ៏ឆ្នើម របស់ជាតិមួយរូប ពោរពេញដោយគុណធម៌ សច្ចៈធម៌ បានធ្វើពលិកម្មជាច្រើន បូជាកម្លាំងកាយ ចិត្ត ប្រាជ្ញា ចូលរួមចំណែកយ៉ាងសកម្ម ប្រកបដោយស្នាដៃដ៏ត្រចះត្រចង់ច្រើនឥតគណនា ក្នុងការស្តារ កសាងប្រទេសឲ្យមានសុខសន្តិភាព ស្ថិរភាពនយោបាយ វឌ្ឍនភាព វិបុលភាព និងការរីកចម្រើនឥតឈប់ឈរ ដើម្បីឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ៕