(ម៉ានីល)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា រួមជាមួយរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងចិន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ បានបើកសម្ពោធជាផ្លូវការ «ឆ្នាំកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន-ចិន ២០១៧» នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្រោមអធិបតីលោក វ៉ាង យ៉ាង ឧបនាយករដ្ឋមន្ត្រី នៃសាធារណប្រជាមានិតចិន រួមជាមួយលោក លីម ហុងហីន អគ្គលេខាធិការរងអាស៊ាន។
លោក ថោង ខុន បានបញ្ជាក់ថា «ឆ្នាំកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន-ចិន ទើបបានសម្ពោធប្រកាសជាផ្លូវការ លើកដំបូង នៅឆ្នាំ២០១៧ នេះ ដោយប្រទេសហ្វីលីពីន បានទទួលធ្វើជាម្ចាស់ផ្ទះ»។
ជាមួយគ្នានេះ ក៏មានកិច្ចប្រជុំពិសេសស្ថាប័នជាតិទេសចរណ៍អាស៊ាន-ចិន ដោយបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីកំណើនដ៏មានសារសំខាន់ នៃលំហូរទេសចរទៅវិញទៅមក រវាងអាស៊ាន និងចិន ដែលបានកើនឡើងដល់ ជាង៣០លាននាក់ ក្នុងឆ្នាំ២០១៦។
កិច្ចប្រជុំនេះ បានស្វាគមន៍វឌ្ឍនភាព នៃការអនុវត្តកិច្ចព្រមព្រៀងការដឹកជញ្ជូន តាមផ្លូវអាកាសអាស៊ាន-ចិន ដែលបានធ្វើឲ្យប្រសើរឡើង នូវការតភ្ជាប់តាមផ្លូវអាកាស រវាងអាស៊ាន-ចិន ដែលមកដល់បច្ចុប្បន្ននេះ មាន៣៧ទីក្រុងអាស៊ាន ត្រូវបានតភ្ជាប់រួចហើយ តាមផ្លូវអាកាសទៅកាន់ទីក្រុងចំនួន ៥២ទីក្រុង របស់ប្រទេសចិន ដែលមានប្រមាណ ៥,០០០ជើងហោះហើរត្រង់ ក្នុងមួយសប្តាហ៍។
កិច្ចប្រជុំក៏ជំរុញឲ្យគណៈកម្មាធិការពាក់ព័ន្ធ និងសហប្រតិបត្តិការអាស៊ាន-ចិន បង្កើនសកម្មភាពឲ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្លាំងក្លាថែមទៀត ក្នុងកិច្ចការលើវិស័យអាកាសចរណ៍ ដើម្បីទ្រទ្រង់ដល់កំណើន នៃលំហូទេសចររវាងចិន និងអាស៊ាន។
លោករដ្ឋមន្ត្រដីបានបន្ថែមថា ឆ្នាំ២០១៦ ទេសចរចិន ធ្វើដំណើរលើពិភពលោក ១២៨លាននាក់ក្នុងនោះទេសចរចិន មកអាស៊ានប្រមាណ ២០លាននាក់ ក្នុងកំណើន ៦.៤ភាគរយ រីឯទេសចរអាស៊ានទៅចិនមានចំនួន ១០.៣៤លាននាក់ ក្នុងកំណើន ៥៧.៨ភាគរយ កម្ពុជាទទួលបានទេសចរចិនប្រមាណ ៧០ម៉ឺននាក់ ហើយឆ្នាំ២០១៦ ទទួលបានទេសចរចិន ៨៣ម៉ឺននាក់ ក្នុងកំណើន ១៩.៥ភាគរយ។ កម្ពុជាសង្ឃឹមថា ឆ្នាំ២០១៧ នឹងទទួលបានទេសចរចិនប្រមាណ ១លាននាក់ និងឆ្នាំ២០២០ អាចនឹងទទួលទេសចរចិនយ៉ាងតិច ២លាននាក់។
តាមរបាយការណ៍របស់អង្គការទេសចរពិភពលោក UNWTO ឆ្នាំ២០២០ ទេសចរ និងធ្វើដំណើរលើពិភពលោក ចំនួន២០០លាននាក់ ហើយចំណាយប្រមាណ ៤២០ប៊ីលានដុលា្លរ។
សូមជម្រាបថាក្នុងរយៈពេល២ខែ (មករា-កុម្ភៈ) ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិ ១០២៥,៥២១នាក់ ក្នុងកំណើន ១២.១ភាគរយ ក្នុងនោះទេសចរចិន មានចំនួន ១៧២,៤៣៨នាក់ ក្នុងកំណើន ១៦.៧ភាគរយ។ ដោយឡែក ឆ្នាំ២០១៦ ទេសចរហ្វីលីពីន ធ្វើដំណើរមកកម្ពុជាមានចំនួន ១០៨,០៣២នាក់ ក្នុងកំណើន ២៣.៦ភាគរយ (ឈរលំដាប់ទី១២)៕