(ប៉ារីស)៖ រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានសម្រេចផ្តល់នូវហិរញ្ញប្បទានឥតសំណងចំនួន ១លានអឺរ៉ូ ដល់កម្ពុជា ដែលជាមូលនិធិសម្រាប់ការសិក្សា និងពង្រឹងសមត្ថភាពជំហ៊ានទី៦ ( Study and Capacity Building Fund -FERC 6)។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលយកហិរញ្ញប្បទានឥតសំណងនេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលនៃ AFD នាទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ដោយខាងភាគីកម្ពុជា តំណាងដោយឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ភាគីបារាំងតំណាងដោយឯកឧត្តម Philippe Bauduin អនុប្រធាននៃ AFD ។
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនបារាំង តាមរយៈ AFD ចំពោះការគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចការស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា ចាប់តាំងពីដំណាក់កាលនៃការស្វែងរកសន្តិភាព រហូតដល់ដំណាក់កាលអភិវឌ្ឍន៍ប្រទេស ដោយគ្របដណ្តប់លើកិច្ចសហ-ប្រតិបត្តិការផ្នែកសេដ្ឋកិច្ច បច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរ អំពីការសម្រេចបាននូវការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ក្រោមការដឹកនាំដ៏វៃឈ្លាសប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា កំណើននៃទំហំផលិតផលក្នុងស្រុកសរុប (ផសស ឬ GDP) បានកើនឡើងប្រមាណ ១០ ដង នៅក្នុងរយៈពេលជាង ២០ ឆ្នាំមកនេះ បានជួយប្រែក្លាយកម្ពុជាពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបកាលពីពេលថ្មីៗនេះ។
សមិទ្ធផលដ៏ធំធេងនេះ បានជួយធ្វើឱ្យកម្ពុជាសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍខាងផ្នែកសង្គមកិច្ចផ្សេងៗទៀត ជាពិសេសការកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស។ លោករដ្ឋលេខាធិការ ក៏បានពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃ AFD ដើម្បីលើកកម្ពស់ភាពជាដៃគូ និងពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ។ កិច្ចពិភាក្សាបានផ្តោតជាសំខាន់ទៅលើលក្ខខណ្ឌ និងការឯកភាពពង្រីកទំហំឥណទាន ក៏ដូចជាវិស័យអាទិភាព ដើម្បីជាឧត្តមប្រយោជន៍នៃការអភិវឌ្ឍរបស់កម្ពុជា ស្របទៅតាមស្ថានភាពសេដ្ឋកិច្ច និងក្របខ័ណ្ឌច្បាប់ជាធរមាន។
គួរបញ្ជាក់ផងដែរថា គិតចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៦ បារាំងបានផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការ ចំនួនប្រមាណ ៤០៥.១៣ លានអឺរ៉ូ ក្នុងនោះរួមមាន៖ ហិរញ្ញប្បទានឥតសំណងមានចំនួន ១៦៥ លានអឺរ៉ូ និងឥណទានមានចំនួនសរុប ២៤០.១៣ លានអឺរ៉ូ (ក្នុងនោះឥណទានគ្មានការធានាពីរដ្ឋ “ Non Sovereign loan”) មានចំនួន ១២៣ លានអឺរ៉ូ និងឥណទានសម្បទាន “Sovereign Loan” ចំនួន ១១៧,១៣ លានអឺរ៉ូ ដោយក្នុងនោះ ចាប់តាំងពីឆ្នាំ ២០០៩ មក AFD បានផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់មូលនិធិសម្រាប់ការសិក្សានិងពង្រឹងសមត្ថភាព សរុបចំនួន ៤.៧លានអឺរ៉ូដល់កម្ពុជា។ មូលនិធិសម្រាប់ការសិក្សា និងពង្រឹងសមត្ថភាពមានទិសដៅក្នុងការពង្រឹងសមត្ថភាពមន្រ្តីរាជការ ក៏ដូចជាការសិក្សាសមិទ្ធិលទ្ធភាពគម្រោងនានានៅតាមក្រសួង-ស្ថាប័នអនុវត្តគម្រោងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការរបស់ AFD។