(ពោធិ៍សាត់)៖ ការដើរចេញពីគណបក្សសង្គ្រោះជាតិ (CNRP) បានផ្ទុះឡើងទៀតហើយ ដោយសារតែពួកគេអស់ជំនឿ លើការដឹកនាំរបស់ថ្នាក់លើពួកគេ។ ជាក់ស្តែងនៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ មន្រ្តីសំខាន់ៗប្រមាណ២២នាក់ មកពីឃុំចំនួន៣ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងនោះមានប្រធានប្រតិបត្តិឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងមន្ត្រីសកម្មផងនោះ បានសម្រេចចិត្តចាកចេញពីបក្ស ហើយមកចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។
ពិធីប្រកាសចូលរួមការងារជាមួយគណបក្សប្រជាកម្ពុជា ត្រូវធ្វើឡើងនៅសាលប្រជុំគណបក្សស្រុកបាកាន ស្ថិតក្នុងភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោមវត្តមានលោក ខូយ សុខា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
នៅថ្ងៃនេះមានការប្រកាសទទួលស្គាល់ចំនួន២២រូប ហើយនៅថ្ងៃសុក្រស្អែក នឹងប្រកាសបញ្ចូលបន្ថែម៥០រូបផ្សេងទៀត ដែលជាសកម្មជនសំខាន់ៗមកពី៣ឃុំ។
លោក ហេង ចាន់ធួន អនុប្រធានគណៈពង្រឹងគណបក្សប្រជាជនកម្ពុជាមូលដ្ឋានស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ថា នេះមិនមែនជាលើកទី១ទេ ដែលសមាជិក CNRP បានសម្រេចចិត្តចាកចេញ មកចូលរួមការងារ ជាមួយគណបក្សប្រជាជនកម្ពុជា ហើយតទៅមុខទៀត នឹងមានការប្រកាសចូលបន្ថែមទៀត រហូតដល់ការថ្ងៃបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ។ លោកថា «ការចាកចេញបន្តបន្ទាប់ខាងលើនេះ ដោយសារសមាជិក CNRP ខកចិត្តដែលក្រុមការងារបោះឆ្នោតដកលោក សម រង្សី ចេញពីតំណែង តែងតាំងលោក កឹម សុខា ជាប្រធានគណបក្សថ្មី ពោរពេញដោយ កាមតណ្ហាយ៉ាងដូច្នេះ»។
លោក ហេង ចាន់ធួន បានឲ្យដឹងថា «គោលនយោបាយបក្សប្រឆាំង គឺមិនច្បាស់លាស់ទេ CNRP បានចោទ CPP និងបាននិយាយថា ត្រូវរើសមេឃុំបម្រើរាស្រ្ត កុំរើសមេឃុំបម្រើបក្ស តែពាក្យនេះគួរតែដាក់ឲ្យបក្សខ្លួនឯងទើបត្រូវ ហើយបក្សប្រឆាំងមានដែលបម្រើរាស្រ្តស្អីខ្លះ? ធ្វើអ្វីបានខ្លះ?»។ បើមេឃុំបក្សប្រជាជនកម្ពុជា ទើបបានបម្រើស រាស្រ្តពិតប្រាកដ រួមទាំងបានកសាង និងអភិវឌ្ឍន៍ភូមិ/ឃុំ មានការរីកចម្រើនដល់សព្វថ្ងៃ៕