នៅរសៀលនេះ! ប្រកាសផ្លាស់ប្ដូរព្រះរាជអាជ្ញាខេត្តកណ្ដាល លោក លឹម សុគន្ថា ត្រូវតែងតាំងជាអគ្គព្រះរាជអាជ្ញារងសាលាឧទ្ធរណ៍ ជំនួសដោយលោក លាវ ស្រេង
16-03-2017 15:27
(កណ្ដាល)៖ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ មានពិធីប្រកាសផ្លាស់ប្ដូរ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ក្រោមអាធិបតីភាព លោក ហ៊ី សោភា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងមានការចូលរួមពី លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀត។
យោងតាមការសម្រេច លោក លឹម សុគន្ថា ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្ដាល ត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញារងសាលាឧទ្ធរណ៍ ជំនួសដោយ លោក លាវ ស្រេង ព្រះរាជអាជ្ញាខេត្តរតនគិរី។
សូមបញ្ជាក់ថា នៅក្នុងពេលកាន់តំណែង ជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ គេសង្កេតឃើញថា លោក លឹម សុគន្ថា បានបង្កើតស្នាដៃជាច្រើន ក្នុងការជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ បានយ៉ាងច្រើនព្រមទាំងធ្វើការចោទប្រកាន់ ជនល្មើសជាច្រើនសំណុំរឿងផងដែរ។
ប្រជាពលរដ្ឋដែលមានរឿងក្ដី ខ្លះបាននិយាយថា លោកព្រះរាជអាជ្ញាខេត្តកណ្ដាល បានជួយដោះស្រាយយ៉ាងពេញចិត្ត និងមានភាពយុត្តិធម៌ជូនពួកគាត់ ដែលធ្វើឡើងតាមនីតិវិធី តាមផ្លូវច្បាប់យ៉ាងត្រឹមត្រូវ៕