(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំនាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះបានប្រកាសថា ខេត្តកំពង់ធំ មានសក្ដានុពលខ្ពស់ ដល់ការវិនិយោគលើវិស័យកសិកម្ម រោងចក្រ សហគ្រាស ពិសេសតំបន់ខាងលើ អំណោយផលដល់ដំណាំកៅស៊ូ តំបន់ជាប់បឹងទន្លេសាប ដីមានជីវជាតិ អំណោផលដល់ដំណាំស្រូវ និងស្វាយចន្ទីជាដើម។
ថ្លែងក្នុងឱកាស ចុះសម្ពោធឃ្លាំងស្តុក និងស្តង់លក់គ្រាប់ស្វាយចន្ទី របស់សហគមន៍កសិកម្ម ម្រាកពន្លឺថ្មី៣ភូមិសាមគ្គី ស្ថិតនៅភូមិម្រាក ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក លោកអភិបាលរងខេត្ត បានឲ្យដឹងថា ខេត្តចំកណ្ដាលប្រទេសកម្ពុជាមួយនេះ មានដំណាំកៅស៊ូចំនួន ១១ម៉ឺនហិចតា ក្រៅពីនេះមាន ស្រូវ ស្វាយចន្ទី ដំឡូងមី ល្ង សណ្តែកសៀង ដែលកំពុងតែត្រូវបាននាំចេញ ទៅកាន់ទៅទីផ្សារអន្តរជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់។
លោក ថេង ថោន អនុប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ ម្រាកពន្លឺថ្មី៣ភូមិសាមគ្គី បានលើកឡើងថា សហគមន៍បង្កើតឡើង នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១២។ មុខរបរសហគមន៍មាន ៧ចំណុចសំខាន់ៗ ក្នុងនោះមាន ឥណទានសាច់ប្រាក់ ទិញ លក់គ្រាប់ស្វាយចន្ទី កែច្នៃគ្រាប់ស្វាយចន្ទី លក់ចំណីសត្វ សេវារោងបុណ្យការ សេវាប្រាក់សន្សំ បញ្ញើប្រាក់ ទិញលក់ជីសារីរាង្គ ដែលមានសមាជិក ១៥១នាក់។
គោលបំណង នៃការបង្កើតសហគមន៍នេះ គឺចង់ឲ្យសមាជិកក្នុងសហគមន៍ មានប្រាក់ចំណូលសមរម្យ ពីមុខរបរលើដំណាំស្វាយចន្ទី សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ កាត់បន្ថយចំណាក់ស្រុក និងមានលទ្ធភាពគ្រប់គ្រាន់ សម្រាប់ការផ្គត់ផ្គង់កាសិក្សារបស់កូនៗ ព្រមទាំងមានការថែទាំសុខភាពឲ្យបានល្អ។
លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានណែនាំឲ្យប្រជាកសិកម្មទាំងអស់ ថែរក្សាសុខភាពជាចម្បង មុននឹងចុះទៅបាញ់ថ្នាំពុលនៅចម្ការ ចៀសវាងការកើតជំងឺ។ មន្ទីរកសិកម្មគាំទ្រនូវបច្ចេកទេស ក្នុងការថែរក្សាដំណាំដាំដុះទាំងឡាយ ដើម្បីឲ្យផលិតផលមានគុណភាព អាចប្រកួតប្រជែងទីផ្សារជាតិ និងអន្តរជាតិ។ លោកថា «មន្ទីរកសិកម្មនឹងបើកទីតាំងប្រមូលទិញកសិផល របស់ប្រជាសហគមន៍ ដូចជា បន្លែ ស្រូវ ស្វាយចន្ទី»។
លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានណែនាំដល់សហគមន៍ នៅស្រុកប្រាសាទបល្ល័ង្កថា កន្លែងផលិតគ្រាប់ស្វាយចន្ទី ត្រូវមានអនាម័យ ខ្យល់អាកាសចេញចូលបានល្អ ដើម្បីការពារសុវត្តិភាព សុខភាព អ្នកផលិត៕