(ភ្នំពេញ)៖ អ្នកស្រីសេក ប៉ុណ្ណាវឿន ម្ចាស់ហាងសូហ្វីយ៉ា ខូស្មិកទិក ដែលត្រូវបានគេប្ដឹងទៅតុលាការ ពីបទក្លែងបន្លំពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាពនោះ គឺបច្ចុប្បន្នហាងរបស់អ្នកស្រី នៅតែបើកដំណើរការអាជីវកម្មទាំងពីរទីតាំងជាធម្មតា ដោយទីតាំងទី១ នៅផ្ទះលេខ៤៨ ផ្លូវណតប្រ៊ីដ សង្កាត់ទឹកថ្លា និងសាខាទី២ ផ្ទះលេខ៤៧-៤៩ ផ្លូវ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បើទោះបីដំណើរការរឿងក្ដីនៅបន្តក៏ដោយ។ ក្នុងនោះអ្នកស្រីបានអះអាងថា យោងតាមប្រកាសរបស់ក្រុមហ៊ុន នៅប្រទេសឥណ្ដូនេសុីដែលផលិត ផលិតផលម៉ាកតាប៊ីតា គឺក្រុមហ៊ុនដើមនេះមិនបានផ្ដល់អោយ ក្រុមហ៊ុនឬបុគ្គលណាម្នាក់ នៅក្នុងប្រទេសកម្ពុជានាំចូលយកមកលក់ចែកចាយផ្ដាច់មុខនោះទេ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានចុះទៅនាំខ្លួនអ្នកស្រីសេក ប៉ុណ្ណាវឿន ជាម្ចាស់ហាងសូហ្វីយ៉ា ខូស្មិកទិច តាមដីកាបញ្ជាអោយចូលខ្លួនលេខ៥៥អ.យ.ក ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ យោងទៅតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនសុគន្ធ វឌ្ឍនៈ ត្រេឌីង ពីបទក្លែងបន្លំពាណិជ្ជសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព រឺពាណិជ្ជនាមសហគ្រាសមួយផ្សេងទៀតដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែក្រោយធ្វើការសួរនាំ តុលាការក៏បានអនុញ្ញាតអោយអ្នកស្រីវិលត្រលប់ទៅផ្ទះវិញដែលបច្ចុប្បន្នអ្នកស្រីកំពុងតែបើកដំណើរការប្រកបអាជីវកម្មជាធម្មតា។
ថ្លែងប្រាប់ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News អ្នកស្រីសេក ប៉ុណ្ណាវឿន បានអះអាងថា អ្នកស្រីបានធ្វើការបញ្ជាទិញផលិតផលផ្ទាល់ពីក្រុមហ៊ុនដើមនៅប្រទេសឥណ្ឌូនេសុីដែលរួមមានឡេលាបស្បែកម៉ាកតាប៊ីតា ,ព្រីនសេស និងម៉ាកដេសុីយកមកលក់នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៣មកម្ល៉េះ។ ចំណែកផលិតផលម៉ាកតាប៊ីតា ដែលក្រុមហ៊ុនសុគន្ធ វឌ្ឍនៈ ត្រេឌីង ប្ដឹងនោះ គឺអ្នកស្រីបាននាំចូលយកមកលក់រាយតាំងពីឆ្នាំ២០១៣ ដូចគ្នា។
ដោយឡែកពាក់ព័ន្ធទៅនឹងក្រុមហ៊ុនសុគន្ធ វឌ្ឍនៈ ត្រេឌីង ប្ដឹងដោយយោងលើវិញ្ញាបនបត្រ បញ្ជីម៉ាកតាប៊ីតា នៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងលិខិតរបស់ក្រសួងពាណិជ្ជកម្មលេខ៤១៨១ ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលដើមបណ្ដឹងយកមកធ្វើជាសំអាងក្នុងការប្ដឹងនោះ គឺមិនមែនជាលិខិតដែលបញ្ជាក់ពីសិទ្ធិផ្ដាច់មុខ លើការនាំចូលផលិតផលឡេម៉ាកតាប៊ីតា ដែលអ្នកស្រីទិញពីប្រទេសឥណ្ឌូនេសុី យកមកលក់នៅប្រទេសកម្ពុជានោះឡើយ។
ដោយឡែកម៉ាកសញ្ញាដែលក្រុមហ៊ុនសុគន្ធ វឌ្ឍនៈ ត្រេឌីង បានទទួលសិទ្ធិប្រើប្រាស់ម៉ាកសញ្ញា ដែលក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតនោះ គឺត្រឹមតែជាការការពារម៉ាកសញ្ញាតែប៉ុណ្ណោះ ដែលករណីនេះអ្នកស្រីបានបញ្ជាក់ថា ម៉ាកសញ្ញាដែលក្រុមហ៊ុនដើមបណ្ដឹង បានយកទៅចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនោះ គឺដូចគ្នាបេះបិតទៅនឹងម៉ាកសញ្ញា ដែលអ្នកស្រីបញ្ជាទិញពីប្រទេសឥណ្ឌូនេសុី ហើយក្រុមហ៊ុនដើម នៅប្រទេសឥណ្ឌូនេសុីក៏បានធ្វើការបដិសេធ រួចមកហើយដែរថា ខ្លួនមិនធ្លាប់បានចុះកិច្ចព្រមព្រៀងផ្ដល់សិទ្ធិផ្ដាច់មុខ អោយទៅក្រុមហ៊ុនដើមបណ្ដឹងឡើយ។ ក្នុងនោះអ្នកស្រីបានលើកឡើងថា អ្នកស្រីគ្រាន់តែជាអ្នកលក់រាយដែលអ្នកស្រី បានទិញពីក្រុមហ៊ុននៅប្រទេសឥណ្ឌូនេសុីដោយផ្ទាល់ប៉ុណ្ណោះ មិនមែនជាអ្នកបង្កើតនិមិត្តសញ្ញាតាប៊ីតានេះទេ ហើយកន្លងមកក៏មិនដែលបានទទួលដំណឹង ពីការកោះហៅរបស់តុលាការ រឺពីស្ថាប័នណាមួយឡើយ៕