Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន នៅម៉ោង៣៖០០រសៀលនេះ

16-03-2017 14:34

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នៅវេលាម៉ោង៣៖០០រសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ នៅគេហដ្ឋានសម្តេច សុខ អាន នាសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាព នៅវេលាម៉ោង០៦៖៣២នាទីល្ងាច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ម្សិលមិញ នៅក្រុងប៉េកាំង ប្រទេសចិន ដោយរោគាពាធ នៅក្នុងជន្មាយុ៦៦ឆ្នាំ។

រាជរដ្ឋាភិបាលកម្ពុជា កាលពីយប់ម្សិលមិញ ក៏បានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីរៀបចំបុណ្យសព សម្តេចវិបុលបញ្ញា សុខ អាន ផងដែរ។ គណៈកម្មការនេះ រួមមានឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ជាប្រធាន និងសម្តេចព្រះពោធិវង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី២ ជាអនុប្រធាន រួមទាំងសមាជិកជាច្រើនទៀត។

សម្តេចតេជោ ហ៊ុន សែន រួមទាំងមន្រ្តីជាន់ខ្ពស់ជាច្រើន ក៏បានផ្ញើសារចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសព ចំពោះមរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន ផងដែរ៕