(រតនគិរី)៖ លោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក យឹម ផែន អភិបាលរងខេត្តរតនគីរី ព្រមទាំងសិស្សានុសិស្ស យុវជនសហភាពសហព័ន្ធ យុវជនកាយារិទ្ធិសរុបជាង២០០នាក់ បានចូលរួមទិវាវប្បធម៌ជាតិ៣មីនា លើកទី១៩ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ នៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន ក្នុងខេត្តរតនគិរី។
ថ្លែងទៅកាន់អង្គពិធី លោក យឹម ផែន និងលោក ថៃ នរៈសត្យា បានលើកឡើងថា «យើងទាំងអស់គ្នាជាទាយាទត្រូវរួមគ្នាធ្វើយ៉ាងណា ដើម្បីឲ្យសម្បត្តិវប្បធម៌ជាតិ មាននិរន្តភាព ក្នុងគោលដៅប្រែក្លាយកម្ពុជា ជាព្រះរាជណាចក្រវប្បធម៌នេះ គឺជាកិច្ចការចំពោះមុខយើងទាំងអស់គ្នា»។
លោក ថៃ នរៈសត្យា បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានសម្រេចកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្វទិវាវប្បធម៌ជាតិ ក្នុងគោលបំណងរំលឹកដល់ គុណូបការៈ នៃបុព្វបុរស និងដូនតាខ្មែរដែលបានបន្សល់ទុកនូវកេរ្តិ៍ដំណែល វប្បធម៌ដ៍សំបូរបែបរបស់ជាតិឲ្យកូនខ្មែរ ដែលកេរិ៍ដំណែលដ៏ថ្លៃថ្នានេះ បច្ចុប្បន្នបានក្លាយទៅជាអាវុធដ៍មុតស្រួច ជាឪសថ ដ៏សក្តិសិទ្ធិ សម្រាប់ពង្រឹងអត្តសញ្ញាណជាតិ បង្រួបបង្រួម និងផ្សារភ្ជាប់បណ្តាជនជាតិក្នុងសហគមន៍ នៃប្រជាជាតិ ខ្មែររហូតដល់ជម្រុញឲ្យកម្ពុជា ក្លាយជាព្រះរាជាណាចក្រវប្បធម៌។
មិនតែប៉ុណ្ណោះ ការរៀបចំទិវាវប្បធម៌ជាតិ គឺក្នុងគោលបំណង ដាស់តឿនក្រើនរំលឹក ឲ្យយើងទាំងអស់គ្នា បង្កើនការយកចិត្តទុកដាក់ថែរក្សាការពារ និងលើកកម្ពស់កេរ្តិ៍តំណែល វប្បធម៌ គ្រប់ជំនាញឲ្យមាននិរន្តភាព ព្រោះថា កេរ្តិ៍តំណែលដ៍ថ្លៃថ្លានេះ បើយើងមិនរួមគ្នាយកចិត្តទុកដាក់ថែរក្សាការពារ ផ្ទែរចំណេះដឹងបន្តវេណ និងគ្រប់គ្រប់ឲ្យមានប្រសិទ្ធិភាពនោះទេវាពុំអាចគង់វង្សបានឡើយ។
លោក យឹម ផែន និងលោក ថៃ នរៈសត្យា បានបន្តថា សម្រាប់ឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលបានបន្តរៀបចំប្រារព្វទិវាវប្បធម៌ជាតិ៣មីនា លើកទី១៩ ដោយសម្រេចកំណត់យកប្រធានបទ(យុវជនដើម្បីវប្បធម៌ជាតិ)។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំចូលរួមក្នុងកម្មវិធីខាងលើនេះ ក៏បានផ្តាំផ្ញើដល់ក្មួយៗ ជាយុវជន បង្កើនការស្រលាញ់ និងស្មារតីចូលរួមកាន់តែខ្លាំងខ្លាថែម ទៀតក្នុងការផ្ទេរ និងទទួលយកចំណេះដឹង ជំនាញបច្ចេកទេស វប្បធម៌ លើកកម្ពស់ការរក្សា ការពារវប្បធម៌ជាតិឲ្យមានសុខដុមភាព និងភាពសុខសាន្តរបស់សង្គមជាតិយើង, លើកកម្ពស់ការយល់ដឹងឲ្យកាន់តែច្បាស់អំពីតម្លៃនៃវប្បធម៌ជាតិ បង្កើនការចូលរួមឲ្យកាន់តែសកម្មក្នុងការ សិក្សាស្រាវជ្រាវ និងចងក្រងរក្សាទុកឲ្យបានគង់វង្យ នូវឯកសារបេតិកភណ្ឌវប្បធម៌ គ្រប់ប្រភេទ ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន៕