(ពោធិ៍សាត់)៖ កម្លាំងជលផលល្បាត និងការពារឡូត៍អភិរក្ស ប្រចាំការក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិវៀតណាមចំនួន២នាក់ ដែលបានលួចចូលនេសាទខុសច្បាប់ ដោយប្រើម៉ុងហ៊ុយ នេសាទនៅក្នុងឡូត៍អភិរក្សខាងលើ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ង្វៀង យ៉ាំងហ៊ុង អាយុ១៦ឆ្នាំ, ២-ឈ្មោះ ង្វៀង យ៉ាំងឡាំ អាយុ១៥ឆ្នាំ។ ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងជលផល បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧។
កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ កម្លាំងក្រុមប្រតិបត្តិការពិសេសចំនួន៧២នាក់ បានចុះបំពេញបេសកកម្ម បង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប។ ការបញ្ជូនកម្លាំងពិសេសនេះអនុវត្តតាមអនុសាសន៍របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការបញ្ជាដឹកនាំផ្ទាល់របស់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាអនុប្រធានគណៈកម្មការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តបឹងទន្លេសាប៕