(ភ្នំពេញ)៖ លោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ-សហការី នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអាគារកម្ពស់៥ជាន់ របស់អង្គការលើកស្ទួយប្រជាពលរដ្ឋ និងប្រារព្ធខួបទី១៥ឆ្នាំ របស់អង្គការ ដោយធ្វើការសំណេះសំណាល សួរសុខទុក្ខ និងរៀបចំអាហារថ្ងៃត្រង់ ជូនដល់កុមារ គ្រូ និងបុគ្គលិកសរុប១,៥៤៤នាក់ ដែលស្ថិតនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកស្រី ឃួន សុដារី បានថ្លែងថា «ខ្ញុំពិតជាសប្បាយចិត្ដណាស់ ដែលឃើញកូនក្មួយ ចៅៗកុមារកំព្រា និងរស់នៅក្នុងគ្រួសារក្រីក្រ រស់ជាមួយអេដស៍ ឲ្យមានឱកាសទទួល បានការសិក្សារៀនសូត្រ ជាមួយនឹងការបណ្ដុះបណ្ដាល ពីលោកគ្រូ អ្នកគ្រូ ដែលមានជំនាញ ទាំងជាតិ និងអន្ដរជាតិ និងថ្នាក់ដឹកនាំនៃអង្គការនេះផ្ទាល់ ដែលបានផ្ដើមគំនិតដ៏ល្អ ក្នុងបង្កើតឱកាសដល់កុមារៗ ឲ្យទទួលបានការសិក្សា ហើពេលនេះ អគារសិក្សាថ្មី ដ៏ស្រស់ស្អាត ដែលបំពាក់ទៅសម្ភារៈសិក្សាទំនើបៗ និងមានអាហារហូបចុកគ្រប់គ្រាន់ ដូច្នេះកូនៗទាំងអស់ គ្នាត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបយកចំណេះវិជ្ជា ដើម្បីក្លាយជាធនធានមួយដ៏មានតម្លៃសម្រាប់ប្រទេសជាតិយើង» ។
លោកស្រីបន្ថែមថា អ្វីទាំងអស់នេះ ក៏ជាការឆ្លុះបញ្ចំាងឲ្យឃើញយ៉ាងច្បាស់ អំពីការយកចិត្ដទុក ការអាណិតស្រលាញ់ ការថែទាំកុមារ ដល់កុមារខ្វះទីពឹងពាក់ ខ្វះឱកាស ដែលរស់នៅក្នុងគ្រួសារក្រីក្រ ឲ្យមានឱកាសដូចកុមារផ្សេងៗទៀត នេះមិនមែនទើបតែថ្ងៃនេះទេ ទើបយើងនឹកឃើញដល់កុមារ បីបាច់រក្សាកុមារ ឬក៏បានផ្ដល់ការរៀនសូត្រ គឺយើងបានយកចិត្ដទុកដាក់ តាំងពីប្រទេសរួចពី សង្គ្រាមមកម្ល៉េះ ដោយប្រទេសយើងបាន ឆ្លងកាត់ការលំបាកឈឺចាប់ ក្នុងរបបពលពត ហេតុដូចនេះហើយ ក្រោយរំដោះ៧មករា មានកុមារកំព្រាជាច្រើន ជួបទុកវេទនាក្រីក្រលំបាក តែដោយការយកចិត្ដទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា ដែលនាំយកនូវអំណោយមនុស្សធម៌ របស់សប្បុរសជនក្នុង និងក្រៅប្រទេស ដើម្បីឧបត្ថម្ភ ដល់ពួកគាត់។
លោកស្រីបន្ថែមថា ការចូលរួមបណ្តុះបណ្តាលនេះ ជាការដើមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមពន្លឿនកាត់បន្ថយភាពក្រីក្រ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ ដល់ជនងាយរងគ្រោះគ្រប់ប្រភេទ និងរួមគ្នាលុបបំបាត់ការរំលោភបំពាន ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងអំពើហិង្សាលើកុមារ និងសប្បុរសជន ក្រៅ និងក្នុងប្រទេស ដែលតែងជួយគ្រប់ពេលវេលា បានជួយឧបត្ថម្ភគ្រប់បែបយ៉ាង រួមទាំងការសិក្សារៀនសូត្រផងដែរទើបបច្ចុប្បន្ននេះ ប្រជាជនយើងសម្បូរសប្បាយ និមានសន្ដិភាព។
ទន្ទឹមនឹងនោះ លោកស្រី ក៏បានពាំនាំប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ ចំពោះ ក្មួយៗ និងចៅៗកុមារទាំងអស់ ពិសេស ថ្លែងនូវការកោតសរសើរចំពោះ ស្ថាបនិក និងគ្រូ-បុគ្គលិកអង្គការ ដែលបាននិងកំពុងយកចិត្តទុកដាក់ ខិតខំអស់កម្លាំងកាយ-ចិត្ត ដើម្បីជួយដល់កុមារកំព្រា និងកុមាររស់នៅក្នុងគ្រួសារក្រីក្រ ឱ្យមានឱកាសទទួលបានសិទ្ធិគ្រប់គ្រាន់ក្នុងការរស់រានមានជីវិត សិទ្ធិទទួលបានការអប់រំ សិទ្ធិការពារ និងសិទ្ធិក្នុងការចូលរួមនានា។
កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃនេះក៏បានឧបត្ថម្ភ នូវថវិកាចំនួន ៥០,០០០ដុល្លារ សម្រាប់សាងសាង់អគារថ្មីកម្ពស់៥ជាន់, បានផ្តល់រថយន្តសម្រាប់ដឹកសិស្សចំនួន២គ្រឿង, តុ-កៅអី សម្រាប់គ្រូ និងសិស្ស និងតុ-កៅអី សម្រាប់ផ្ទះបាយ ដល់អង្គការលើកស្ទួយប្រជាពលរដ្ឋទាំង៣សាខា គឺសាខាស្ទឹងមានជ័យ មានកុមារ៨៦០នាក់ និងបុគ្គលិក៥៤នាក់, សាខាបុរីកីឡា មានកុមារ៣៤១នាក់ និងបុគ្គលិក៩នាក់, និងសាខាបុរីសន្តិភាព២ មានកុមារ២៧១នាក់ និងបុគ្គលិក ៩នាក់៕