(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក William A. Heidt នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០១៧នេះ បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានទទួលមរណភាពកាលពីថ្ងៃម្សិលមិញ។
តាមរយៈសាររំលែកដែលបង្ហោះលើបណ្តាញសង្គម Facebook ដោយភ្ជាប់ជាមួយរូបថតអនុស្សាវរីយ៍ ថតជាមួយ សម្តេចវិបុលបញ្ញា សុខ អានផងនោះ លោកឯកអគ្គរដ្ឋអាមេរិក បានលើកឡើងថា សម្ដេចវិបុលបញ្ញា សុខ អាន បានធ្វើការងារដ៏អស្ចារ្យក្នុងវិស័យសេដ្ឋកិច្ច ច្បាប់ សាសនា និងការពារវប្បធម៌។ សម្រាប់វិស័យកាទូតវិញ សម្តេចបានកសាងទំនាក់ទំនង យ៉ាងយូរអង្វែង ជាមួយស្ថានទូតអាមេរិក ទៅលើកិច្ចការពារវប្បធម៌ តាមរយៈការដើរតួរជាប្រធានអាជ្ញាធរជាតិអប្សរា។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ដូច្នេះថា «សម្តេច សុខ អាន មានតួនាទីសំខាន់បំផុតដែលបានលើកស្ទួយផ្នែក សេដ្ឋកិច្ច, ច្បាប់, ការអប់រំ, សាសនា, ការថែរក្សាវប្បធម៌, និងវិស័យការទូតជាច្រើន។ សម្តេចជាដៃគូដ៏យូរអង្វែងណាស់មកហើយជាមួយស្ថានទូតអាមេរិក ទៅលើការអភិរក្សវិស័យវប្បធម៌ តាមរយៈតួនាទីរបស់សម្តេចជាប្រធានអាជ្ញាធរជាតិ Apsara។ បន្ថែមពីនេះទៀតសម្តេចបានចូលរួមចំណែកយ៉ាងធំធេងក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ដែលសម្តេចមានតួនាទីជាប្រធានក្រុមការងារពិសេសមួយ ទៅលើការកាត់ទោសខ្មែរក្រហម»៕