(ភ្នំពេញ)៖ ផលិតករក្នុងរឿងថ្មីរបស់ផលិតកម្ម «B&S» បានសម្ដែងការត្អូញត្អែ ពីភាពលំបាកមួយចំនួន ក្នុងពេលប្រតិបត្តិការថតរឿងថ្មីមួយទៀត មានចំណងជើងថា «ឈាមស្នេហ៍ក្បត់បេះដូង» ដែលជាប្រភេទរឿងបែបមនោសញ្ចេតនា និយាយពីស្នេហា កាលពីអំឡុងប្រទេសជាតិ ងើបចេញពីសង្គ្រាមក្នុងឆ្នាំ១៩៨៨ ព្រោះតែការថតត្រូវកាសម្ភារៈ ក្នុងសម័យកាលបុរាណមួយនេះច្រើន ហើយតួសម្ដែងត្រូវតែហ្វឹកហាត់ ឲ្យត្រូវនឹងចរិតនាសម័យ សង្គ្រាមនោះដែរ។
ការបង្ហាញពីស្ថានការណ៍លំបាក ពេលថតភាពយន្តថ្មី របស់ផលិតកម្ម «B&S»នេះ គឺត្រូវបានទម្លាយឡើង ដោយលោក ទិត ធារិទ្ធ ដែលជាផលិតករ និងជាអ្នកដឹកនាំសម្ដែងរឿង នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងឱកាសក្រុងពាលីថតរឿង «ឈាមស្នេហ៍ក្បត់បេះដូង» ដើម្បីត្រៀមដាក់បញ្ចាំង ក្នុងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥។
លោក ទិត ធារិទ្ធ បាននិយាយថា ភាពយន្តភាគរឿង «ឈាមស្នេហ៍ក្បត់បេះដូង» ជាប្រភេទភាពយន្តមួយ ដែលត្រូវថតវិលទៅរកសម័យកាលសង្គ្រាម មិនទាន់ចប់ ក្នុងពេលប្រទេសជាតិ មានកងទ័ពបដិវត្តន៍ និងត្រូវតតាំងជាមួយពួកចោរព្រៃ ទ័ពព្រៃ តែងតែតាមយាយីដល់រដ្ឋាភិបាល ដោយតួសម្ដែងត្រូវមានសម្លៀកបំពាក់ ស្លៀកពាក់ក្នុងសម័យនោះ សម្ភារៈធ្វើសឹកសង្គ្រាម ដូចជារថយន្ត កាំភ្លើង រថគ្រោះ និងឧបករណ៍ទាក់ទងនឹង សង្គ្រាមជាច្រើនទៀត ដែលយើងពិបាករក។
ផលិតករមានបទពិសោធន៍ ដឹកនាំសម្ដែងយូរឆ្នាំ ប៉ុន្តែនៅតែជួបការលំបាករូបនេះ បានបន្តទៀតថា ជាពិសេសគឺការរកទីតាំងថត ធ្វើយ៉ាងណាឲ្យសមនឹងសាច់រឿង ដោយត្រូវរើសយកកន្លែងណា ដែលមានព្រៃក្រាស មានផ្ទះបុរាណ មានតំបន់ជ្រោះ និងតំបន់ភ្នំ ដែលទីតាំងទាំងនោះ ត្រូវបានជ្រើសរើសយកដូចជា កោះដាច់ ព្រោះសព្វថ្ងៃនៅមានផ្ទះពីបុរាណ, ខេត្តកែប កន្លែងមានព្រៃក្រាស និងជ្រោះថ្មរូង ជាដើម ខណៈដែលការថតរឿងនេះ គឺប្រមាណជា៧០ភាគរយ ត្រូវថតពេលយប់ និងនៅក្នុងព្រៃរហូត។
លោកបន្តថា មួយវិញទៀត ការជ្រើសរើសតួសម្ដែង ក៏ត្រូវរើសយកអ្នកដែលមានទឹកមុខហំហាន ក្លាហាន ក្នុងការកាន់កាំភ្លើងប្រយុទ្ធ មិនមែនចេះតែរើសៗឲ្យតែបានៗនោះទេ ហើយក្នុងនោះ លោកក៏បានស្នើទៅដល់មេបញ្ជាការ-មេបញ្ជាការរងកងទ័ព ប្រចាំភូមិភាគនីមួយៗ សូមមេត្តាជួយផ្ដល់កម្លាំងមួយភាគតូច ដើម្បីជាការបង្ហាត់បង្រៀន ដល់តារាសម្ដែង និងចូលរួមសម្ដែង ក៏ដូចជាសម្ភារៈធ្វើសឹកសង្គ្រាម ដើម្បីឲ្យសាច់រឿងនេះ បញ្ចប់ទៅដោយរលូន និងទទួលបានជោគជ័យ។
ទោះបីជាដំណើរការថតរឿងថ្មី ត្រូវជួបប្រទះការខ្វះខាត សម្ភារៈក្នុងសម័យសង្គ្រាម និងកត្តាផ្សេងជាច្រើនទៀតក្ដី ក៏លោក ទិត ធារិទ្ធ បានបង្ហាញជំហថា ត្រូវតែតស៊ូជំនះឧបសគ្គទាំងនេះឲ្យបាន ដោយក្រុមការងារ និងតារាសម្ដែងទាំងអស់ បានតាំងចិត្តយ៉ាងមោះមុតថា ត្រូវតស៊ូជាមួយគ្នាឲ្យចប់ចុងចប់ដើម៕