(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានសំណូមពរទៅដល់ភាគីពាក់ព័ន្ធ ឲ្យផ្តល់ឱកាសជូនមន្រ្តីដែលជាជនពិការ នៅក្នុងទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានបម្រើការរួចជាស្រេច ត្រូវបានយកចិត្តទុកដាក់បន្ថែម ទៅលើការផ្តល់តួនាទី ភារកិច្ច និងមុខតំណែងល្អៗ ទៅតាមសមត្ថភាពរបស់ជនពិការ។
បន្ថែមពីលើនេះលោក ឯម ច័ន្ទមករា បានស្នើទៀតថា រាល់ពេលមានកិច្ចប្រជុំនៃការតាក់តែងច្បាប់ ឬក៏លិខិតបកដ្ឋានគតិយុត្ត សូមឲ្យមានវត្តមានរបស់បងប្អូនជនពិការ ដើម្បីឲ្យជនពិការធ្វើការផ្តល់មតិយោបល់ និងធ្វើការចូលរួមយោបល់ក្នុងការសម្រេចនានា ដើម្បីឲ្យគ្រប់ឯកសារទាំងអស់ ត្រូវបានគិតគូរ និងដាក់បញ្ចូលបញ្ហាពិការភាពនៅក្នុងគ្រប់វិស័យ។
ការលើកឡើងរបស់ លោក ឯម ច័ន្ទមក បានធ្វើឡើងខណៈលោកចូលរួមនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការកសាងផែនការសកម្មភាព ឆ្នាំ២០១៧ របស់ក្រុមការងារសកម្មភាពជនពិការ រៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព លោក កែវ រ៉េមី ប្រធានក្រុមការងារសកម្មភាពជនពិការនៅទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និងមានការចូលរួមពីមន្រ្តី ក្រុមចំណុះនាយកដ្ឋាន នៃទីស្តីការគណៈរដ្ឋមន្រ្តី ប្រមាណជាង៧០នាក់ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ។
នៅក្នុងឱកាសនោះ លោក ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងពីសមិទ្ធផលនានា នៅក្នុងវិស័យពិការភាព ដែលបានអនុវត្តនាពេលកន្លងមក។ លោក ឯម ច័ន្ទមករា បញ្ជាក់ឲ្យដឹងថា ផ្អែកតាមការអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០១៤ បានបង្ហញថា ប្រេវ៉ាឡង់ នៃអាត្រាជនពិការមានប្រហែលជា៤% នៃចមណួនប្រជាជនកម្ពុជាសរុប ហើយចំនួនជនពិការ មានប្រមាណជា ៥២៤,០០០នាក់។
លោកថា «មូលហេតុដែលនាំឲ្យមានជនពិការ ដូចជាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្រ្គាម គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ ពិការពីកំណើត ចាស់ជរា ជំងឺ និងដោយសារមូលហេតុផ្សេងៗទៀត»។
ជនពិការសរុបចំនួន២១,៥៥៤នាក់ ទទួលបានការស្តារលទ្ធភាពពលកម្មកាយសម្បទា ក្រៅពីនោះរាជរដ្ឋាភិបាលកម្ពុជាតាមរយៈមូលនិធិជនពិការ ក៏បានផលិតឧបករណ៍សិប្បនិម្មិត និងឧបករណ៍ទ្រទ្រង់រាងកាយ ចំនួន១៩,១៣៧គ្រឿង រួមមានឈើច្រត់ ឈើជ្រែង គ្រោងលើ និងក្រោមក្បាលជង្គង់ គ្រោងដៃ ប្រអប់ដៃកៅស៊ូ ប្រអប់ដៃ មានរាងទំពក់ គ្រោងរណប និងប្រអប់ជើង ដោយបានផ្គត់ផ្គង់ដល់១៣មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម កាយសម្បទាទូទាំងប្រទេស និងសាលាបច្ចេកទេសផលិតអវៈយវៈ សិប្បនិម្មិត និងរណប។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហការ យ៉ាងជិតស្និទជាមួយសមាគមអតីតយុទ្ធជនកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការដោះស្រាយរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជន និងយោធិនពិការ បានសាងសង់សង់ផ្ទះជូនអតីតយុទ្ធជនចំនួន២,៦៥ខ្នង។
កន្លងមករាជរដ្ឋាភិបាលកម្ពុជាតាមរយៈមូលនិធិជនពិការ បានផ្តល់សេវាស្តារលទ្ធភាពពលកម្ម កាយសម្បទា ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងផ្តល់ទុនដល់បងប្អូនជនពិការ ដើម្បីមានលទ្ធភាពបង្កើតមុខរបរប្រាក់ចំណូល សម្រាប់លើកស្ទួយ ជីវភាពផ្ទាល់ខ្លួន និងគ្រួសារ ប្រមាណជាង២០,០០០គ្រួសារ ព្រមទាំងបានចងក្រងក្រុមជួយខ្លួនឯង នៃជនពិការបានចំនួន ១,៩៥៥ក្រុមផងដែរ៕