(ភ្នំពេញ)៖ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដឹកនាំគណៈប្រតិភូគយចូលរួមសន្និសីទ «អគ្គនាយកគយតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃអង្គការគយពិភពលោកលើកទី១៨» នៅទីក្រុងសូវ៉ា ប្រទេសហ្វីជី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។
សន្និសីទអគ្គនាយកគយតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃអង្គការគយពិភពលោកលើកទី១៨ ធ្វើឡើងក្រោមអធិបតីភាពលោក Visvanath Das អគ្គនាយកអាជ្ញាធរចំណូល និងគយហ្វីជី ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលគយចំនួន២៤ប្រទេស អគ្គលេខាធិការ នៃអង្គការគយពិភពលោក ការិយាល័យទទួលបន្ទុកកសាងសមត្ថភាពតំបន់អាស៊ី-ប៉ាស៊ីហ្វិក (WCO ROCB A/P) និងការិយាល័យទំនាក់ទំនងស៊ើបការសង្ងាត់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (RILO A/P)។
ក្នុងសុន្ទរកថាបើកអង្គប្រជុំ លោក Aiyaz Sayed Khaiyum រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសហ្វីជី បានលើកឡើងពី សារៈសំខាន់ នៃតួនាទីគយក្នុងការការពារព្រំដែន សម្រួលពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ ហើយគោលបំណងចម្បងរបស់ អង្គសន្និសីទនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើការងារពាក់ព័ន្ធ និងកិច្ចសម្រួលពាណិជ្ជកម្ម និងការទប់ស្កាត់បទល្មើសគយឆ្លងកាត់ព្រំដែន។
អង្គសន្និសីទបានពិនិត្យ និងពិភាក្សាលើការងារ អាទិភាពមួយចំនួនរួមមាន៖
១៖ វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៦-២០១៨
២៖ វឌ្ឍនភាពនៃការអនុវត្តផែនការកសាងសមត្ថភាពគយ
៣៖ សេចក្តីព្រាងឯកសារស្តីពីលទ្ធផលសិក្សាពាក់ព័ន្ធនឹងអាណត្តិរបស់អគ្គលេខាធិការនិងអគ្គលេខាធិការរងនៃអង្គការគយ ពិភពលោក
៤៖ ការត្រៀមរៀបចំសេចក្តីព្រាងផែនការសម្រាប់ឆ្នាំ២០១៨-២០២០។
ពាក់ព័ន្ធនឹងការកសាងផែនការសម្រាប់ឆ្នាំ២០១៨-២០២០ លោក Kunio Mikuriya អគ្គលេខាធិការអង្គការគយ ពិភពលោក ក៏បានចង្អុលបង្ហាញពីទិសដៅសំខាន់ ដែលអង្គការគយពិភពលោកផ្តល់អាទិភាពខ្ពស់រួមមាន៖ កាអនុវត្តកិច្ច ព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក, ការវិវឌ្ឍន៍ព័ត៌មានវិទ្យា និងការគ្រប់គ្រងពាណិជ្ជកម្ម តាមអេឡិចត្រូនិក (E-Commerce), កម្មវិធីសន្តិសុខ និងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរគយប៉ូលីស និងរដ្ឋបាលពន្ធដារ។
ពាក់ព័ន្ធនឹងរបៀបវារៈនៃកិច្ចពិភាក្សាខាងលើ លោក គុណ ញឹម បានធ្វើបទអន្តរាគមន៍ចំនួនបីរួមមាន៖ បានស្នើឲ្យការិយាល័យ ទទួលបន្ទុកកសាងសមត្ថភាពតំបន់អាស៊ី-ប៉ាស៊ីហ្វិក (WCO ROCB A/P)ពិនិត្យនិងរៀបចំវេទិកា ពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីកៀរគរនិងសម្របសម្រួលជំនួយបច្ចេកទេស សម្រាប់អនុវត្តកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក, ស្នើពិនិត្យកំណត់តួនាទី និងទម្រង់នៃកិច្ចប្រជុំជាមួយ វិស័យឯកជនដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ, ចំពោះប្រធានបទអភិបាលកិច្ចរបស់អង្គការគយពិភពលោក (អាណត្តិរបស់អគ្គលេខាធិការ និងអគ្គលេខាធិការរង) គួរត្រូវអនុវត្តសេចក្តីសម្រេចរបស់សន្និបាតអង្គការគយពិភពលោក កាលពីខែកក្កដា ឆ្នាំ២០១៦ ដោយរង់ចាំការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរងនៅឆ្នាំ២០១៨-២០១៩ សិន បន្ទាប់ពីនោះទើបពិភាក្សា និងសម្រេចពីអាណ្ណតិនៃមុខតំណែងទាំងពីរខាងលើ។
ឆ្លៀតក្នុងឱកាសនេះដែរ គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានជួបប្រជុំទ្វេភាគី ជាមួយរដ្ឋបាលគយថៃ ដោយបានពិភាក្សាលើការងារមួយចំនួនរួមមាន៖កិច្ចសហប្រតិបត្តិការលើការងារបង្ក្រាប អំពើរត់គេចពន្ធចំពោះទំនិញដែល ឆ្លងកាត់តាមប្រទេសថៃមក ប្រទេសកម្ពុជា ដោយផ្តល់ព័ត៌មានសម្ងាត់ជាប្រចាំ, កិច្ចប្រជុំរវាងមន្ត្រីគយនៅបណ្តាខេត្ត ជាប់ព្រំដែនប្រទេសទាំងពីរ, ទស្សនកិច្ចសិក្សានៅព្រំដែនប្រទេសថៃ និងប្រទេសម៉ាឡេស៊ីអំពីនីតិវិធីគយក្នុងការត្រួតពិនិត្យ អ្នកដំណើរ និងទំនិញដឹកតាមរថភ្លើងដើម្បីអភិវឌ្ឍនីតិវិធីគយកម្ពុជា ចំពោះអ្នកដំណើរនិងទំនិញដឹកតាមរថភ្លើង៕