(ស្វាយរៀង)៖ ក្រុមការងារសាខាកាំកុងត្រូលខេត្តស្វាយរៀង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ បានចុះអង្កេតតាមមាត់ច្រករបៀង «ផ្លូវតាណេង» ដើម្បីពិនិត្យបន្លែនាំចូលដឹកតាមរ៉ឺម៉ក ស្វែងរកសារធាតុគីមីហាមឃាត់ តាមរយៈការធ្វើតេស្តបឋមនៅកន្លែងផ្ទាល់ លើបន្លែមួយចំនួនដូចជា៖ ត្រប់ ត្រលាច សណ្តែកបណ្តុះ ស្ពៃ ទំពាំង ផ្កាខាត់ណា ម្ទេសប្លោក សណ្តែកកួរ ស្លឹកខ្ទឹម សរសៃរ ផ្សិតចំបើង គុយទាវ និងបាញ់កាញ់។
មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា ក្រុមការងារក៏ទទួលបាននូវកិច្ចសហការល្អពីមន្ត្រីវរៈព្រំដែនដែលឈរជើងនៅមាត់ច្រករបៀងផងដែរ។ បើតាមមន្រ្តីកាំកុងត្រូល ជាលទ្ធផលបង្ហាញថា ពុំមានវត្តមានសារធាតុគីមីហាមឃាត់ មិនឲ្យប្រើប្រាស់លើម្ហូបអាហារ ត្រូវបានរកឃើញទេ។
នៅព្រឹកថ្ងៃដដែលនេះ តាមការស្នើសុំរបស់លោកអភិបាលក្រុងបាវិត ក្នុងការត្រួតពិនិត្យគុណភាពទឹកកក ក្រុមការងារ បានចុះយកគម្រូទៅតាមលក្ខណៈបច្ចេកទេស លើទឹកកកដឹករ៉ឺម៉ក (ក្នុងមួយព្រឹកចំនួន២រ៉ឺម៉ក់) ដែលនាំចូលជាប្រចាំថ្ងៃសម្រាប់ផ្គត់ផ្គង់ធម្មតា និងការយកគម្រូនៅសិប្បកម្ម ក្នុងក្រុងបាវិតចំនួន២ទីតាំង ដែលកំពុងចរាចរណ៍លើទីផ្សារក្នុងក្រុង ដើម្បីបញ្ជូនមកមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល ធ្វើការវិភាគលើគុណភាព៕