(មណ្ឌលគិរី)៖ ដើម្បីចៀសវាងឲ្យបានដាច់ខាចនូវការនាំចូលបន្លែផ្លែឈើ ដែលខូចគុណភាពជាពិសេសផ្ទុកនូវសារធាតុគីមី ដែលប៉ះពាល់ដល់សុខុមាលភាព អ្នកទទួលទាននោះ ក្រុមការងាររថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយ សាខាកាំកុងត្រូលខេត្តមណ្ឌលគិរី និងសមត្ថកិច្ចពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ បានធ្វើការចុះត្រួត ពិនិត្យបន្លែផ្លែឈើចំនួន៣៩គំរូ ដែលអាជីវករលក់នៅលើទីផ្សារកែវសីមា។
លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការអនុវត្តយុទ្ធនាការចុះត្រួតពិនិត្យនេះផ្អែកទៅលើការណែនាំ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ជាពិសេសអនុសាសន៍របស់លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល ដែលបានណែនាំដល់មន្ត្រីកាំកុងត្រូល គ្រប់សាខាទាំងអស់ទូទាំងប្រទេស ឲ្យធ្វើការត្រួតពិនិត្យទំនិញជាផលិតផល ម្ហូបអារហារ តាមទីផ្សារជាប្រចាំ ជាពិសេសធ្វើការពង្រឹងឲ្យបានដាច់ខាត នូវការនាំចូលបន្លែ ផ្លែឈើ និងគ្រឿងឧបភោគ-បរិភោគគ្រប់មុខ តាមច្រកទ្វារព្រំដែនទាំងអស់ទូទាំងប្រទេស ដើម្បីធានាសុខភាពដល់ប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់។
លោកប្រធានបានបន្តថា ក្រោយការពិនិត្យដោយរថយន្តពិសោធន៍ចល័ត របស់កាំកុងត្រូល បានវិភាគលើទំនិញ ហូបចុក បន្លែ ផ្លែឈើ ទាំងនោះរួចមក គឺបានឃើញខ្ទឹមស មានសំណល់សារធាតុគីមីកសិកម្ម ហាមឃាត់ មានដាក់ លក់នៅផ្សារកែវសីមា។
លោកបន្តទៀតថា ចំពោះករណីមានការនាំចូលបន្លែដែលផ្ទុកសារធាតុគីមីហាមឃាត់ ដូចជាខ្ទឹមសខាងលើនេះ ត្រូវមានលិខិតបញ្ជាក់ពីគុណភាព សុវត្ថិភាពឲ្យបានត្រឹមត្រូវ ពីអាជ្ញាធរមានសមត្ថកិច្ចពីប្រទេសវៀតណាម ហើយបើលើកក្រោយគ្មានលិខិតបញ្ជាក់ទេ មន្រ្តីនឹងធ្វើការដកហូតតែម្តង។
ប្រធានកាំកុងត្រូលមណ្ឌលគិរី ក៏បានធ្វើការណែនាំ និងអំពាវនាវដល់អាជីវករ ដែលនាំបន្លែ ផ្លែឈើ និងម្ហូបអាហារតាមច្រក ឡាបាខេ ពីប្រទេសវៀតណាមទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ពោលគឺត្រូវនាំចូលទំនិញជាផលិតផលម្ហូបអាហារណា ដែលមានគុណភាពល្អ ហាមដាច់ខាតមិនឲ្យមានការនាំចូលបន្លែផ្លែឈើ ដែលផ្ទុកនូវសារធាតុគីមី ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខុមាលភាព អ្នកប្រើប្រាស់នោះឡើយ៕