(បន្ទាយមានជ័យ)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ក្រោមការណែនាំពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្ត សហការជាមួយមន្រ្តីគយប្រចាំ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅព្រលប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ បានបន្តចុះត្រួតពិនិត្យទំនិញ រួមមាន៖ បន្លែ ផ្លែឈើ និងសាច់នាំចូលពីប្រទេសថៃ ដើម្បីលើកកម្ពស់សុវត្ថិភាពចំណីអាហារ និងសុខភាពប្រជាពលរដ្ឋ។
មន្រ្តីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា សម្រាប់ប្រតិបត្តិការនេះ ជាលទ្ធផលក្រុមការងាររកមិនឃើញមានសារធាតុគីមីនោះទេ នៅក្នុងទំនិញដែលបានត្រួតពិនិត្យ។ បើតាមមន្រ្តីដដែល យុទ្ធនាការនេះក្រុមការងារនឹងចុះត្រួតពិនិត្យជាប្រចាំផងដែរ។
សូមបញ្ជាក់ថា ការចុះប្រតិបត្តិការនេះ បានធ្វើឡើងក្រោយពីមានការដាក់បញ្ជាពី លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ឲ្យមន្រ្តីសាខាកាន់កុងត្រូលនៅទូទាំងខេត្ត ចុះត្រួតពិនិត្យ រកសារធាតុគីមី នៅតាមបណ្តាច្រកព្រំដែនកម្ពុជា៕