(ភ្នំពេញ)៖ សម្ដេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាព នៅវេលាម៉ោង៦៖៣២នាទីល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅរដ្ឋធាននីប៉េកាំង ប្រទេសចិន។
ក្រោយទទួលមរណភាព សពរបស់សម្ដេចវិបុលបញ្ញា សុខ អាន ត្រូវបានដឹកតាមយន្តហោះ និងដឹកតាមរថយន្តពេទ្យទៅកាន់ភូមិគ្រឹះនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ស្ថិតនៅផ្ទះលេខ៧០ ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
យោងតាមកម្មវិធីបុណ្យសព បានឲ្យដឹងថា កម្មវិធីបុណ្យសពរបស់សម្ដេច ដែលធ្វើឡើងតាមប្រពៃណីព្រះពុទ្ធសាសនា គឺចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ ហើយនៅវេលាម៉ោង៧ព្រឹក នឹងរំកិលសពចេញពីភូមិគ្រឹះ ឆ្ពោះទៅកាន់ទីឈាបនដ្ឋាន មុខវត្តបទុមវត្តី ដើម្បីបូជាជាកិច្ចបង្ហើយបុណ្យ ហើយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ ពិធីបុណ្យទាំងមូលកំពុងដំណើរការផងដែរ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចមួយ ដោយបង្កើតគណៈកម្មការ ដើម្បីរៀបចំបុណ្យសព សម្តេចវិបុលបញ្ញា សុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី។ គណៈកម្មការរៀបចំបុណ្យសពនេះដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ជាប្រធាន និងសម្តេចព្រះពោធិវង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាកចក្រកម្ពុជា ជាអនុប្រធាន រួមទាំងសមាជិកជាច្រើនទៀត៕