(ភ្នំពេញ)៖ ខុសប្លែកពីអ្នកសិល្បៈដទៃ តារាចម្រៀងរាងតូចច្រឡឹង កញ្ញា រតនៈ ពិសី បានបង្ហាញពីទឹកចិត្តគួរឲ្យស្ញប់ស្ញែង ចំពោះកុមារកំព្រា និងក្មេងអនាថា នៅក្នុងថ្ងៃពិសេសរបស់ខ្លួន ដោយនាងបានយកថ្ងៃខួបកំណើតគម្រប់២៤ឆ្នាំ នៅថ្ងៃទី១៥ ខែមីនានេះ រៀបចំអាហារយ៉ាងឆ្ងាញ់ពិសារ ជូនដល់ក្មេងកំព្រា ដែលមកពីអង្គការមួយ នៅម្ដុំក្រុងតាខ្មៅ ចំនួន៣០នាក់ ដើម្បីទទួលទានអាហារ និងភេសជ្ជៈ ក្នុងន័យបង្កើនភាពស្និទ្ធ និងផ្ដល់នូវភាពកក់ក្ដៅដល់ពួកគេ ខណៈដែលនាង ក៏បានទទូចស្នើដល់អ្នកសិល្បៈ ផ្សេងទៀតគួរចេះធ្វើសកម្មភាពមនុស្សធម៌ បែបនេះ ក្នុងថ្ងៃពិសេសរបស់ខ្លួន ដូចជារូបនាងដែរ។
តារាចម្រៀង កំពុងតែត្រៀមដំណើរ ចេញទៅច្រៀងនៅប្រទេសកាណាដា ក្នុងពេលឆាប់ៗខាងមុខនេះ កញ្ញា រតនៈ ពិសី បានថ្លែងប្រាប់ Khmertalking នៅក្នុងថ្ងៃខួបកំណើតរបស់នាងថា ជាការពិតក្មេងកំព្រា នៅក្នុងថ្ងៃធម្មតាៗ គឺមានសប្បុរសជន និងស្ថាប័នមួយចំនួន ជួយទំនុកបម្រុង ប៉ុន្តែនៅក្នុងថ្ងៃពិសេសរបស់នាង គឺនាងចង់ឲ្យមានវត្តមានពួកគេ មកចូលរួម ខណៈដែលអ្នកសិល្បៈដទៃទៀត នាងពុំធ្លាប់ដែលបានឃើញ មានការរៀបចំអាហារជូន ពួកគេដូច្នេះឡើយ។
ជាមួយនឹងការរៀបចំអាហារ ជូនដល់កុមារកំព្រា ដែលជាសកម្មភាពមនុស្សធម៌មួយ គួរតែតារាសម្ដែង តារាចម្រៀង ក៏ដូចជាអ្នកសិល្បៈដទៃទៀត យកតម្រាប់តាមយើងនោះ តារាចម្រៀង រតនៈ ពិសី ក៏បានចែកជូនដល់កុមារទាំងអស់នោះ នូវសម្ភារៈសិក្សា មួយចំនួនដល់ពួកគេ ដើម្បីសម្រួលដល់ការសិក្សាផងដែរ។
រតនៈ ពិសី និយាយថា «អូ..! ព្រោះអីបង ក្មេងៗជាកុមារកំព្រាហ្នឹង តាមធម្មតាគឺមានគេជួយគាត់ តែខុសពីថ្ងៃធម្មតា គឺអត់មានអ្នកជួយ ដូចជាតារា ឬអ្នកសិល្បៈណា អញ្ជើញពួកគាត់មកថ្ងៃ Birthday បានទេ តែសម្រាប់ខ្ញុំ ខ្ញុំអត់ប្រកាន់ទេ ខ្ញុំញ៉ាំឆ្ងាញ់ គឺចង់ឲ្យគាត់ញ៉ាំឆ្ងាញ់ដូចគ្នាដែរ អ៊ីចឹងខ្ញុំបានរៀបចំជូនគាត់ ចំនួន៣០ នាក់ ព្រមទាំងគ្រូៗ ចំនួន១០នាក់ទៀត។ ក្មេងទាំងនោះមកពីអង្គការ នៃក្ដីស្រឡាញ់ ដែលមានទីតាំងនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយពួកគាត់អត់បាននៅដល់យប់ទេ ត្រឹមម៉ោង៧យប់ ពួកគេទៅវិញអស់ហើយ..!»។
រតនៈ ពិសី បន្ថែមទៀតថា ក្រោយកម្មវិធីខួបកំណើតនេះ នាងនឹងចាក់ចេញទៅកាន់ប្រទេស កាណាដា ដើម្បីសម្ដែង និងច្រៀងនៅទីនៅ ជូនដល់បងប្អូនខ្មែរបានទស្សនាកម្សាន្ត ហើយនាងចង់ធ្វើការងារមនុស្សធម៌ខ្លះ មុននឹងចាកចេញទៅ។ ពិសី ក៏បានសំណូមពរ និងស្នើសល់អ្នកសិល្បៈទាំងអស់ ដែលមានធនធាន ក្រៅពីមានកេរ្តិ៍ឈ្មោះល្បីហើយនោះ គួរតែងាកមកធ្វើសកម្មភាពមនុស្សធម៌ ចែករំលែកក្ដីស្រឡាញ់ ចំពោះកុមារកំព្រា ចាស់ជរា ក្មេងអនាថា ជាដើម ដើម្បីបង្ហាញពីទឹកចិត្តសណ្ដោសប្រោសប្រណី ជួយចែលរំលែកធន់ធាន ក្នុងនាងជាខ្មែររស់នៅក្រោមដំបូលតែមួយ។
ទោះបីជាយ៉ាងណា តារាចម្រៀង រតនៈពិសី បានបន្ថែមទៀតថា ក្រៅពីអញ្ជើញក្មេងៗកំព្រាឲ្យចូលរួម ក្នុងកម្មវិធី ខួបកំណើតរបស់នាង ក្នុងនោះក៏មានការអញ្ជើញមិត្ត ជាសិល្បករ-សិល្បការិនីល្បីៗ ដែលជាអ្នករួមអាជីពជាច្រើននាក់ទៀត ដោយនៅក្នុងនោះ ក៏មានមិត្តជិតស្និទ្ធ តែមិនមែនជាអ្នកសិល្បៈ ចូលរួមផងដែរ៕