(ភ្នំពេញ)៖ នៅម៉ោង៨៖៣០នាទី ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ស្អែកនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការកាត់ទោស លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ចំពោះករណីចោទរាជរដ្ឋាភិបាលថា បានរៀបចំឃាតកម្មលើ លោក កែម ឡី អ្នកវិភាគនយោបាយ និងសង្គម។
កាលពីដើមខែសីហា ឆ្នាំ២០១៦ លោក គី តិច មេធាវីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចដាក់ពាក្យប្តឹង លោក សម រង្ស៊ី ចំពោះករណីចោទរាជរដ្ឋាភិបាលថា បានរៀបចំឃាតកម្មលើ លោក កែម ឡី។ ក្រៅពីប្តឹង លោក សម រង្ស៊ី នាពេលនោះ លោកមេធាវី ក៏បានដាក់ពាក្យប្តឹង លោកស្រី ថាក់ ឡានី ចំពោះការចោទថា សម្តេចតេជោ ហ៊ុន សែន សម្លាប់លោក កែម ឡី ផងដែរ។
ក្នុងពាក្យបណ្ដឹងដែលបោះត្រាទទួលដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១ ខែសីហានោះ លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ បញ្ជាក់ថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ឈ្មោះ សម រង្ស៊ី បានសរសេរនៅទំព័របណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក ផ្លូវការរបស់ខ្លួនថា «ការបាញ់សម្លាប់លោក កែម ឡី ថ្ងៃនេះ ជាអំពើភេរវកម្មមួយទៀតរៀបចំឡើងដោយរដ្ឋអំណាច និង បានធ្វើកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ បញ្ជាក់និងចោទប្រកាន់ដដែលៗ ដែលនាំឲ្យមហាជននិយមប្រើប្រាស់បណ្ដាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកនិងបញ្ចេញមតិថ្កោលទោសមកលើរាជរដ្ឋាភិបាលកម្ពុជា» ។
សូមបញ្ជាក់ថា ចំពោះករណីចោទសម្តេចតេជោ ហ៊ុន សែន សម្លាប់លោក កែម ឡីនេះ កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចផ្តន្ទាទោស លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ដាក់ពន្ធនាគារ១ឆ្នាំ៦ខែ និងពិន័យ៨លានរៀល ព្រមទាំងបង្គាប់ឱ្យសងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន១០០រៀល។ សាលក្រមនេះក៏បង្គាប់ឲ្យចាប់ខ្លួននិងឃុំខ្លួនអ្នកស្រី ថាក់ ឡានី ថែមទៀត៕