(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ បានសហការជាមួយសាកលវិទ្យាល័យកាន់ថឺ ប្រទេសវៀតណាម បើកសន្និសីទអន្តរជាតិមួយ ស្ដីពីការសន្សំសំចៃទឹកក្នុងវិស័យកសិកម្ម សម្រាប់កសិករតាមដងទន្លេមេគង្គ ដើម្បីលើកយកបញ្ហាមួយចំនួន មកពិភាក្សាគ្នា និងរិះរកវិធីសាស្រ្តនានា ក្នុងការដោះស្រាយបញ្ហាប្រឈមនោះ។
ថ្លែងក្នុងពិធីបើកសន្និសីទអន្តរជាតិខាងលើ នៅសណ្ឋាគារភ្នំពេញ លោកស្រី ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថា សន្និសីទនេះ មានការចូលរួមពីសាស្រ្តាចារ្យ វាគ្មិន អ្នកជំនាញជាតិ-អន្តរជាតិ នឹងពិភាក្សាគ្នាលើប្រធានបទដ៏សំខាន់នេះ ដើម្បីរិះរកវិធី សាស្រ្តដំណោះស្រាយនានា ដើម្បីដាក់ចេញជាយុទ្ធសាស្រ្តការងារ ក្នុងការដោះស្រាយបញ្ហាប្រឈម ដែលបានកើតមាន កំពុងកើតមាន និងអាចនឹងកើតមាននៅពេលខាងមុខ។
លោកស្រីប្រធានបានបន្តថា វិស័យកសិកម្មជាវិស័យអាទិភាព ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ហេតុដូច្នេះ ប្រព័ន្ធទឹកគឺមានសារ សំខាន់ខ្លាំងណាស់ចំពោះវិស័យកសិកម្ម។ សម្រាប់ប្រទេសកម្ពុជា និងវៀតណាម ទន្លេមេគង្គគឺជាប្រព័ន្ធមេទឹកធំមួយ សំខាន់ណាស់ដែរ។
លោកសាស្រ្តាចារ្យ ហា ថាញ់ទ័ន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យកាន់ថឺ បានបញ្ជាក់ថា កម្ពុជា-វៀតណាម គប្បីប្រើប្រាស់ទឹក ទន្លេមេគង្គ ឲ្យបានត្រឹមត្រូវបំផុត ព្រោះពូជមច្ឆាជាតិជាច្រើនរយពាន់ប្រភេទ កំពុងរស់នៅទីនោះ ហើយបានផ្ដល់ផលប្រយោជន៍យ៉ាង ច្រើនសន្ធឹកសន្ធាប់ ដល់ប្រជាជនប្រទេសទាំងពីរ។
ដីកសិកម្មរបស់ប្រជាជនប្រទេសទាំងពីរ ក៏ពឹងផ្អែកលើប្រព័ន្ធទឹកទន្លេមេគង្គភាគច្រើនផងដែរ ព្រោះទន្លេមេគង្គបាននាំនូវភក់ល្បាប់ដ៏មាន ជីជាតិ ចាក់បញ្ចូលលើដីកសិកម្មទាំងនោះ ហើយការប្រើប្រាស់ និងការងារទទួលខុសត្រូវនានា មិនត្រឹមតែជាកាតព្វកិច្ចរបស់ប្រទេស កម្ពុជា ឬប្រទេសវៀតណាមនោះទេ ប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ ក៏ចាំបាច់ត្រូវតែចូលរួមកាតព្វកិច្ចទាំងនោះ ទាំងអស់គ្នាដែរ។
លោកបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកិសកម្ម បានបញ្ជាក់ថា វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម ជាវិទ្យាស្ថានមួយ ក្នុងចំណោមវិទ្យាស្ថានទាំង៦ នៃរាជបណ្ឌិត្យសភា មានបេសកកម្មសិក្សាស្រាវជ្រាវ អំពីបញ្ហាបរិស្ថាន កសិកម្ម ធនធានទឹកឧត្តុនិយម និងវិស័យសុខាភិបាលផងដែរ។
វិទ្យាស្ថាននេះមានតួនាទីសហការជាមួយក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អង្គការពាក់ព័ន្ធនានា ក្នុងការផ្សព្វផ្សាយនូវរាល់ស្នាដៃស្រាវជ្រាវ ទាំងឡាយ តាមរយៈការបោះពុម្ភផ្សាយការរៀបចំសិក្ខាសាលា និងតាំងពិពរណ៍សមិទ្ធផលស្រាវជ្រាវជាដើម។
លោកបណ្ឌិតប្រធានបានបន្តថា សន្និសីទអន្តរជាតិនេះ បានចូលរួមចំណែកជំរុញ និងបង្កើនឱកាសដល់អ្នកសា្រវជ្រាវនានានិងមន្ត្រី ពាក់ព័ន្ធ ក្នុងជួររាជដ្ឋាភិបាល និងវិស័យឯកជន ក្នុងការស្វែងយល់ពីការគ្រប់គ្រងរបបទឹក សម្រាប់ធ្វើកសិកម្ម ក្នុងលក្ខខណ្ឌបម្រែបម្រួល អាកាសធាតុ នៅតាមដងទន្លេមេគង្គ ការវាយតម្លៃស្ថានភាពដី រក្សាធនធានទឹក សម្រាប់ធ្វើកសិកម្ម ការប្រើប្រាស់ធនធានទឹកប្រកប ដោយចីរភាព ការប្រើប្រាស់ប្រភពទឹកក្រោមដី ក៏ដូចជាការរក្សាតុល្យភាព នៃការប្រើប្រាស់ទឹកសម្រាប់កសិកម្ម ដែលកំពុងរស់នៅ តាមដងទន្លេមេគង្គ។
សូមជម្រាបថា សន្និសីទអន្តរជាតិស្ដីពី ការសន្សំសំចៃទឹកក្នុងវិស័យកសិកម្ម សម្រាប់កសិករតាមដងទន្លេមេគង្គនេះ អ្នកចូលរួមទាំងអស់ នឹងមានឱកាសពិភាក្សាពីបញ្ហាផ្សេងៗ ពីបញ្ហាបម្រែបម្រួលស្ថានភាពធនធានទឹក ក្នុងរយៈពេលជាង១ទសវត្សរ៍ កន្លងមកទាំងគោល នយោបាយទឹក និងមេរៀនបទពិសោធន៍ល្អ ក្នុងគោលដៅជំរុញការ ប្រើប្រាស់ទឹកឲ្យបានសមស្រប ដើម្បីបង្កើនផលិតផលកសិកម្ម ក្នុងលក្ខខណ្ឌបម្រែបម្រួលអាកាសធាតុ៕