(ត្បូងឃ្មុំ)៖ នៅវេលាម៉ោង៣៖៣០នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ដែលមានមន្ត្រីកាំកុងត្រូលប្រចាំនៅប៉ុស្តិ៍ច្រកទ្វារដូនរ័ត្ន និងចាន់មូល ក្នុងស្រុកមេមត់ ដែលដឹកនាំដោយលោក ឈិនលីម សាវុធ បានធ្វើការត្រួតពិនិត្យ បន្លែផ្លែឈើនាំចូលពីប្រទេសវៀតណាម មានដូចជា ស្ពៃ ខ្ទឹមស ស្លឹកខ្ទឹម ប៉េងប៉ោះ មៀន ក្រូចខ្វិច និងជាច្រើនមុខទៀតសរុបបន្លែ១៣មុខ និងផ្លែឈើចំនួន៤មុខ។
ការពិនិត្យនេះ ដោយផ្អែកទៅលើការណែនាំ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ជាពិសេសអនុសាសន៍របស់លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកុងត្រូល បានណែនាំដល់មន្ត្រីកាំកុងត្រូល គ្រប់សាខាទាំងអស់ទូទាំងប្រទេសឲ្យធ្វើការ ត្រួតពិនិត្យទំនិញជាផលិតផល ម្ហូបអារហារ តាមទីផ្សារជាប្រចាំ ជាពិសេសធ្វើការពង្រឹងនូវការនាំចូលបន្លែ ផ្លែឈើ និងគ្រឿឧបភោគបរិភោគទាំងអស់ តាមច្រកទ្វារ ព្រំដែន អោយដូចភ្លៀងរលឹម ដើម្បីធានាសុខភាពដល់ប្រជាពលរដ្ឋ ជាអ្នកទទួលទាន។
ក្រោយការពិនិត្យលើបន្លែ១៣មុខ និងផ្លែឈើទាំង៤មុខនោះ គឺមិនបានប្រទះឃើញបន្លែផ្លែឈើដែលសល់យូរ ស្អុយរលួយ ខូចគុណភាពនោះទេ ទន្ទឹមនឹងនោះមន្ត្រីកាំកុងត្រូលបាន យកបន្លែផ្លែឈើជាគំរូទាំងនោះ បញ្ជូនទៅមន្ទីរពិសោធនិ៍ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាព អ្នកទទួលទានជាបន្តទៀត ។
ជាមួយគ្នានោះដែរ មន្រ្តីកាំកុងត្រូល ក៏បានណែនាំ ក៍ដូចជាអំពាវនាវ ដល់អាជីវករ ដែលនាំបន្លែ ផ្លែឈើក៍ដូចជាម្ហូបអាហារ នាំចូលតាមប៉ុស្តិ៍ច្រកទ្វារទាំង២នេះ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ពោលគឺនាំចូល និងចែកចាយបន្លែផ្លែឈើ និងផលិតផលម្ហូបអាហារ ដែលមានគុណភាពល្អ មិនមានផ្ទុកនូវសារធាតុគីមី ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់នោះជាដាច់ខាត។
សូមជម្រាបថា បើតាមទីភ្នាក់ងារព័ត៌មានចិនស៉ិនហួ ចុះផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ប្រទេសវៀតណាម ត្រូវចំណាយលុយប្រហែល ១៦៤លានដុល្លារអាមេរិក ទៅលើបន្លែក៏ដូចជាផ្លែឈើ ដែលធ្វើការនាំចូលពីក្រៅប្រទេស នៅក្នុងរយៈពេលតែពីរខែដំបូងនៃឆ្នាំ២០១៧នេះ បន្ទាប់ពីប្រជាជនរបស់ប្រទេសនេះ លែងហ៊ានហូបបន្លែ និងផ្លែឈើ ដែលដាំដុះនៅប្រទេសរបស់ខ្លួន ដោយត្រូវនាំចូលពីប្រទេសចិន និងថៃ។
សាធារណជនមួយចំនួន បានដាក់ជាសំណួរថា ប្រជាជនវៀតណាមខ្លួនឯង លែងហ៊ានហូបបន្លែ និងផ្លែឈើដែលដាំនៅប្រទេសរបស់ពួកគេទៅហើយ ហេតុអីខ្មែរនៅតែបន្តនាំចូលបន្លែដែលសង្ស័យ ឬមានជាតិគីមីនោះហូតទៀត? ឬខ្មែរចង់ឲ្យខ្មែរខ្លួនឯងឆាប់ស្លាប់។
តាមការឲ្យដឹងពីមន្ត្រីជំនាញ បានបញ្ជាក់ថា ក្នុងមួយថ្ងៃៗប្រទេសកម្ពុជានាំចូលបន្លែពីប្រទេសវៀតណាម មិនតិចជាង៥០០តោននោះទេ ប៉ុន្តែតួលេខនាំចូលផ្លូវការត្រូវបានគេអះអាងថា ត្រឹមតែ២០០តោន ក្នុងមួយថ្ងៃប៉ុណ្ណោះ៕