(មណ្ឌលគិរី)៖ មន្រ្តីយោធាចំនួន៧នាក់ និងមន្រ្តីនគរបាលចំនួន១១នាក់ នៅខេត្តមណ្ឌលគិរី ត្រូវបានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កោះហៅទៅសួរនាំពាក់ព័ន្ធបទល្មើសព្រៃឈើនៅក្នុងខេត្តមួយនេះ។ ជាលទ្ធផលក្នុងចំណោម កងកម្លាំងប្រដាប់អាវុធទាំងនេះ មានមន្រ្តីខ្លះនឹងប្រឈមមុខតុលាការ ខណៈខ្លះទៀតត្រូវបានអប់រំ និងផ្លាស់ប្តូរទៅកន្លែងផ្សេង។
មន្រ្តីសមត្ថកិច្ចខេត្តមណ្ឌលគិរី បានលួចបង្ហើបប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះថា ការកោះហៅមន្រ្តីយោធា និងនគរបាលទាំងនោះយកទៅសួរនំា បានធ្វើឡើងនៅថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០១៧ ហើយនៅថ្ងៃនេះអាចនឹងបន្តនីតិវិធីបន្តទៀត ដែលពួកគេសង្ស័យមានការជាប់ពាក់ព័ន្ធ រឿងបទល្មើសព្រៃឈើនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី។
មន្រ្តីយោធាដែលជាប់ពាក់ព័ន្ធរឿងបទល្មើសព្រៃឈើ ដែលគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ហៅមកសួរនាំរួមមាន៖ លោក ឯម សុងហ៊ួ មានតួនាទីជាមេ(ខ) និងជាមេប៉ុស្តិ៍របៀងការពារព្រំដែនអូរហ៊ុច, លោក កើត វេហា ជាមន្រ្តី, លោក ឡាយ សាវី ជាមន្រ្តី, លោកលី ឆេងលីម ជាមន្រ្តី, លោក ទា ខៃម៉េង មានតួនាទីជាមេ «គ៣»។
បន្ទាប់ពីសួរនាំមន្រ្តីខាងលើរួច គណៈកម្មការបានកោះហៅ មន្រ្តីយោធាចំនួន២រូបទៀត នៅថ្ងៃដដែលដើម្បីសួរនាំ គឺលោក ហ៊ឹម សុផាត និងលោក យិន ចាន់ទី មេបញ្ជាការយោធាវរៈការពារព្រំដែនគោកលេខ១០៣ ជាលទ្ធផលពុំទាន់មានប្រភពណាទម្លាយឲ្យដឹងថា បានជាផ្លែផ្កាយ៉ាងណានោះឡើយ។
ដោយឡែក មន្រ្តីនគរបាលចំនួន៩រូប អាចទំងជាធ្វើការអប់រំណែនាំ និងផ្ទេរឲ្យទៅកាន់ទីកន្លែងផ្សេង ខណៈមន្រ្តីនគរបាលចំនួន២រូបទៀត មានតួនាទីជាប្រធានច្រករបៀងការពារព្រំដែនប៉ុស្តិ៍អូរហ៊ុច និងប៉ុស្តិ៍អូរជុំ អាចប្រឈមជាមួយច្បាប់។
សូមជម្រាបថា កាលពីពេលថ្មីៗកន្លងមក កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្រ្កាបបទល្មើសព្រៃឈើឆ្លងដែនមួយករណី នៅប៉ុស្តិ៍អូរហ៊ុច ជាប់ព្រំដែនរបស់ប្រទេសវៀតណាម ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយរឹបអូសបានឈើប្រភេទ សុក្រំ គគី ផ្ចឹកចំនួន១៤៥កំណាត់ ចាប់បានរថយន្ត ប៉ាកុង ចំនួន៨គ្រឿង រណាយន្ត០១គ្រឿងម៉ូតូ០៥គ្រឿង ដែលនៅពេលនោះកម្លាំងបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន៧នាក់ កំពុងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគា ខេត្តមណ្ឌលគិរី៕