(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាពសម្តេចវិបុលបញ្ញា សុខ អាន ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមរំលែកទុក្ខជាមួយខ្លឹមសារ៖ «ខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជា មានក្ដីរន្ធត់ សោកស្ដាយ អាឡោះអាល័យ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយ លោកជំទាវ អាន្នី សុខអាន និងក្រុមគ្រួសារទាំងអស់ ចំពោះមរណភាពសម្តេចវិបុលបញ្ញា សុខ អាន សមាជិករដ្ឋសភា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានទទួលមរណភាពក្នុងពេលថ្មីៗនេះ។ ខ្ញុំសូមបួងសួងដល់វិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា បានទៅកាន់សុគតិភពកុំបីអាក់ខានឡើយ»។
សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាពនៅវេលាម៉ោង ៦៖៣២នាទីល្ងាច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។ សម្តេចគឺជាអ្នកមានគុណបំណាច់ដ៏ធំធេងមួយ ក្នុងការបំពេញការងារ និងពលីគ្រប់យ៉ាង ដើម្បីបុព្វហេតុជាតិ។
ក្រោយទទួលដំណឹងមរណភាពនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចមួយ ដោយបង្កើតគណៈកម្មការ ដើម្បីរៀបចំបុណ្យសព សម្តេចវិបុលបញ្ញា សុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី។ គណៈកម្មការរៀបចំបុណ្យសពនេះដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈន ជាប្រធាន និង សម្តេចព្រះពោធិវង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាកចក្រកម្ពុជា ជាអនុប្រធាន រួមទាំងសមាជិកជាច្រើនទៀត៕