(ភ្នំពេញ)៖ ក្នុងជំនួបជាមួយប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ដឹកនាំដោយលោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៧ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញជំហរគាំទ្រចំពោះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត និងបានចាត់ទុកជាវេទិកាជួបជុំដ៏ធំប្រចាំឆ្នាំរបស់យុវជន-យុវនារីខ្មែរ។
«ការបង្កើតឲ្យមានព្រឹត្តិការណ៍អង្គរសង្រ្កាន្ត មិនគ្រាន់តែបម្រើដល់ការជួបជុំយុវជនពីគ្រប់ទិសទី ដើម្បីអបអរបុណ្យចូលឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើដល់វិស័យទេសចរណ៍ និងវប្បធម៌ និងនាំមកប្រាក់ចំណូលរាប់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ប្រជាជន និងអាជីវករនៅក្នុងខេត្តសៀមរាបទាំងមូល»។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់។
«ខ្ញុំសូមចាត់តាំងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យពាណិជ្ជកម្ម និងមន្ត្រីនៃអគ្គនាយកដ្ឋានជម្រុញពាណិជ្ជកម្ម បន្តសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ និងឆ្នាំបន្ទាប់»។ លោក រដ្ឋមន្ត្រីបានបន្ថែម។
នៅក្នុងឱកាសនោះដែរ លោក ប៉ាន សូរស័ក្តិ បានកោតសរសើរចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់លោក ហ៊ុន ម៉ានី ដែលតែងយកចិត្តទុកដាក់លើការងារយុវជន ជាពិសេសកិច្ចការសង្គម សកម្មភាពមនុស្សធម៌ កីឡា និងបរិស្ថាន ហើយលោកក៏បានប្រគល់ថវិកាចំនួន ១០លានរៀល ជូនដល់ប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់រៀបចំកម្មវិធី។
បន្ថែមលើនេះទៀត លោករដ្ឋមន្ត្រី ក៏បានសន្យានឹងជួយស្វែងរកសម្ភារៈ និងបរិក្ខាផ្សេងៗ ពីវិស័យឯកជន ដើម្បីជួយទ្រទ្រង់ដំណើរការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ ឲ្យទទួលបានជោគជ័យតាមផែនការ៕