(ភ្នំពេញ)៖ ជាមួយក្តីរន្ធត់តក់ស្លុត និងប្រកបដោយសេចក្តីទុក្ខដ៏ក្រៀមក្រំជាទីបំផុត ដែលប្រជាជាតិខ្មែរទាំងមូលបាន ទទួលដំណឹងនៅល្ងាច ថ្ងៃទី១៥ ខែ មីនា ឆ្នាំ ២០១៧ អំពីមរណភាពរបស់ សម្តេចវិបុលបញ្ញា សុខ អាន សមាជិក រដ្ឋសភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី។ មរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន គឺជាការបាត់បង់ដ៏ធំធេង សម្រាប់ប្រជាជាតិខ្មែរ បាត់បង់នូវវីរជនខ្មែរដ៏ឆ្នើមមួយរូបដែលបានបូជាកម្លាំងកាយ កម្លាំងចិត្តនិង កម្លាំងបញ្ញាស្មារតី ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីសន្តិភាព ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ ប្រជាជនកម្ពុជា ហើយក៏ជាការបាត់បង់បញ្ញាវ័ន្តដ៏ឈ្លាសវៃមួយរូប ដែលជាធនធានមនុស្សដ៏កម្រក្នុងសង្គមកម្ពុជា និងជាការបាត់បង់ថ្នាក់ដឹកនាំដ៏មានព្រហ្មវិហារ និងទសពិធរាជធម៌មួយរូបផងដែរ។
សម្តេចវិបុលបញ្ញា សុខ អាន គឺជាវីរបុរសជាតិខ្មែរ ដែលបានបន្សល់ទុកនូវកេរតំណែកស្នាដៃជាច្រើនជូនជាតិមាតុភូមិ។ សម្តេចបានចូលរួម ក្នុងដំណើរចរចាស្វែងរកសន្តិភាពជូនកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូតដល់ឈានដល់ចុះកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ ដែលនាំមកនូវការបង្រួបបង្រួមជាតិ ក្នុងចំណោមភាគីកម្ពុជាមានជម្លោះ និងឈាន ដល់ការរំលាយអង្គការ ចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមទាំងស្រុង ក្រោមការអនុវត្តនយោបាយឈ្នះ-ឈ្នះនាំយកនូវសន្តិភាព ពេញលេញ បង្រួបបង្រួមជាតិ ឯកភាពជាតិ និងបូរណភាពដែនដីនៅក្នុងរយៈពេលជាង៥០០ ឆ្នាំចុងក្រោយនេះ។
សម្តេចវិបុលបញ្ញា សុខ អាន ចូលរួមយ៉ាងសកម្មនៅក្នុងការស្តារនិងកសាងជាតិឡើងវិញចាប់តាំងពីកម្ពុជាបានចាក ផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប៉ុល ពត រហូតដល់កម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ គួរជាទីមោទនៈរហូតមកទល់សព្វថ្ងៃនេះ។
សម្តេចវិបុលបញ្ញា សុខ អាន គឺជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការចរចាបង្កើត អង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជាដើម្បីជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មដែលបានព្រឹត្តឡើងនៅក្នុងរបបខ្មែរក្រហម ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ នៅក្នុងរយៈពេល ៣ ឆ្នាំ ៨ ខែ និង២០ ថ្ងៃនេះ ប្រជាពលរដ្ឋជាងពីរលាននាក់ ត្រូវបានស្លាប់បាត់បង់ជីវិតដោយសារ ការប្រព្រឹត្តឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋ កម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ សម្តេចវិបុលបញ្ញា សុខ អាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ បង្កើតសាលាក្តីខ្មែរក្រហម រហូតដល់តុលាការនេះ បានសម្រេចបានលទ្ធផលជាច្រើន ក្នុងការនាំយកនូវយុត្តិធម៌ជូន ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម និងជនរងគ្រោះដែលនៅរស់រានមានជីវិតនៅឡើយ ព្រមទាំងស្វែងរកនូវការពិត ជូនមនុស្សជាតិទាំងមូល ពង្រឹងនីតិរដ្ឋ លុបបំបាត់និរទណ្ឌភាព ការផ្សះផ្សារជាតិ ផ្សះផ្សារផ្លូវចិត្តជនរងគ្រោះ និងកសាងសមត្ថភាពមន្ត្រីបុគ្គលិក ព្រមទាំងផ្តល់កេរតំណែកជាច្រើនទៀតសម្រាប់ប្រព័ន្ធ យុត្តិធម៌នៅកម្ពុជាផងដែរ។
សម្ដេចវិបុលបញ្ញា សុខ អាន គឺជាអ្នកចរចាវប្បធម៌ដ៏ឆ្នើមរបស់កម្ពុជាបានដឹកនាំការចរចាលើជម្លោះព្រំដែន កម្ពុជា-ថៃ និងរឿងក្ដីប្រាសាទ ព្រះវិហារខ្មែរ។ ប្រសិនបើគ្មានការលះបង់របស់សម្តេចវិបុលបញ្ញា សុខ អាន និងក្រោម ការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន ទេ ក៏កម្ពុជាមិនអាចឈ្នះក្ដីនៅតុលាការយុត្តិធម៌អន្ដរជាតិដែរ ជាពិសេសការគ្រប់គ្រងតំបន់ប្រាសាទព្រះវិហារ ហើយប្រាសាទព្រះវិហារ ក៏មិនក្លាយទៅ ជាបេតិកភណ្ឌអន្ដរជាតិ និងត្រូវពិភពលោកយកចិត្តទុកដាក់ក្នុងការអភិរក្ស និងអភិវឌ្ឍដែរ។
សម្តេចវិបុលបញ្ញា សុខ អាន គឺជាកុលបុត្រខ្មែរដ៏ឆ្នើមដែល បានការពារបូរណភាពទឹកដី សម្បត្តិវប្បធម៌ជាតិខ្មែរ។ ក្រៅពីចូលរួមរៀបចំឯកសារដាក់ ប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក សម្តេចវិបុលបញ្ញា សុខ អាន បានបង្កើតឱ្យមានអាជ្ញាធរជាតិអប្សរាដើម្បីអភិរក្ស និងអភិវឌ្ឍតំបន់អង្គរទាំងមូល និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបង្កើនចំណូលជូនដល់ប្រជាពលរដ្ឋដែលទទួលទាន លើវិស័យទេចរណ៍។ បើគ្មានកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចវិបុលបញ្ញា សុខ អាន ក្នុងកិច្ចអភិវឌ្ឍវិស័យទេសចរណ៍ទេ នោះប្រាសាទអង្គរវត្ត ក៏មិនអាចទទួលបាននូវកំណើនភ្ញៀវទេសចរអន្ដរជាតិជាច្រើនលាននាក់ មកទស្សនាប្រាង្គប្រាសាទអង្គរដែរ។
សម្ដេចវិបុលបញ្ញា សុខ អាន ក៏បានលះបង់កម្លាំងកាយចិត្ត ក្នុងការតតាំងក្ដីជាមួយនឹងក្រុមហ៊ុនដ៏ល្បីរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងរឿងក្តី ក្បាលអ្នកតារបស់ខ្មែរ រហូតដល់សម្ដេចបានឈ្នះក្ដី និងបានប្រគល់ជូនកម្ពុជាវិញនូវក្បាលអ្នកតាទាំងនោះផងដែរ។
ស្នាដៃធំៗដែលសម្ដេចវិបុលបញ្ញា សុខ អាន បានសម្រេចបានដើម្បីជាតិមាតុភូមិកម្ពុជាមានជាច្រើនផ្សេង ទៀតក្នុងនោះគឺសម្ដេចជាស្ថាបនិក បង្កើតឱ្យមាននូវសាលាភូមិន្ទរដ្ឋបាល រាជបណ្ឌិត្យសភាកម្ពុជា និងរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ អាជ្ញាធរប្រេងកាតជាដើម។ ទាំងអស់នេះគឺជាសមិទ្ធផលដែលមិនអាចកាត់ថ្លៃបានឡើយ ដែលសម្តេចបានលះបង់មួយជីវិតរបស់សម្តេចដើម្បីចូលរួមអភិវឌ្ឍជាតិ ហើយស្នាដៃទាំងអស់នេះនឹងបន្សល់ទុកជា កេរតំណែកសម្រាប់ខ្មែរជំនាន់ក្រោយ។
ជាមួយគុណូបក្ការៈមិនអាចកាត់ថ្លៃបានដែលសម្តេចវិបុលបញ្ញា សុខ អាន បានលះបង់ នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង ឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ឱ្យមានគោរមងារជា «សម្តេចវិបុលបញ្ញា សុខ អាន»។ សម្តេចវិបុលបញ្ញា សុខ អាន បានធ្វើការបម្រើប្រទេសជាតិ អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានក្លាយជា មន្រ្តីជាន់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានបញ្ជាក់ថា សម្តេចវិបុលបញ្ញា សុខ អាន ជាអ្នកដឹកនាំបានចូលរួមដឹកនាំប្រជាជាតិកម្ពុជា តាមរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ កសាងបាននូវសន្តិភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍជាតិ លើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ និងមានស្ថិរភាពសន្តិសុខសង្គមបានល្អប្រសើរ ព្រមទាំងរក្សា និងការពារបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន។
សម្តេចវិបុលបញ្ញា សុខ អាន ក៏ជាអ្នកដឹកនាំមានស្វាមីភក្តិចំពោះរាជបល្ល័ង្គ ការពារ និងគោរពព្រះពុទ្ធសាសនា ការពារយុត្តិធម៌សង្គម ដើម្បីនិរន្តរភាពរាជានិយម នៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចវិបុលបញ្ញា សុខ អាន គឺជាវិរបុរសជាតិខ្មែរសម័យទំនើប និងជាមគ្គុទ្ទេសដ៏ឆ្នើមមួយរូបនៅក្នុងសង្គម កម្ពុជា។ ទោះបីជាសម្តេចបានចាក ឆ្ងាយពីប្រជាជាតិខ្មែរយ៉ាងណាក៏ដោយ ប៉ុន្តែកេរ្តិ៍ឈ្មោះដ៏ល្អ និងមានឈ្មោះថា ជាវិរបុរសជាតិខ្មែរសម័យទំនើបនៅតែដក់ជាប់ នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាជានិច្ច។ នេះគឺជាការរៀបរាសង្ខេបនូវស្នាដៃរបស់សម្តេចវិបុលបញ្ញា សុខ អាន ដែលបានបម្រើជាតិ សាសនា ព្រះមហាក្សត្រក្នុងមួយជីវិតរបស់សម្តេច។ សូមចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសព្វសម្តេចវិបុលបញ្ញា សុខ អាន និងសូមលំឱន កាយគោរពដូងវិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន បានសោយទិព្វសម្បត្តិក្នុងសុគតិភពអស់និច្ចកាល។
ពីខ្ញុំបាទ នេត្រ ភក្ត្រា
មន្ត្រីនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងជាជំនួយការអមក្រសួងបរិស្ថាន