(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះសម្តេចវិបុលបញ្ញា សុខ អាន ដែលបានទទួលមរណភាព។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការចូលរួមរំលែកទុក្ខនៅលើ Facebook ផ្លូវការរបស់សម្តេចជាមួយខ្លឹមសារដូចខាងក្រោម៖
«ខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះសម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានទទួលមរណភាព នៅវេលាម៉ោង១៨៖៣២នាទី នាថ្ងៃទី១៥ ខែ មីនា ឆ្នាំ ២០១៧ នេះ នៅមន្ទីរពេទ្យ ទីក្រុងប៉េកាំង ប្រទេសចិន ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។ សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួមតស៊ូលះបង់បម្រើ ប្រទេសជាតិ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលបានធ្វើអោយកម្ពុជាមានការរីកចម្រើនមកទល់សព្វថ្ងៃ។ នេះ គឺចាការបាត់បង់ធនធានមនុស្សដ៏សំខាន់បំផុត ម្នាក់របស់កម្ពុជា ដែលយើងទាំងអស់គ្នាចងចាំជានិច្ច។
ខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព និងសូមអោយវិញ្ញាណក្ខន្ធរបស់ សម្តេចវិបុលបញ្ញា សុខ អាន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕