(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហោះនៅលើបណ្ដាញសង្គម Facebook រំឭកអំពីអតីតកាលដ៏សែនជូរចត់ជាមួយ សម្ដេចវិបុលបញ្ញា សុខ អាន កាលដែលលោកទាំងពីរ សិក្សាក្នុងសម័យសាលារដ្ឋបាល (ENA) ថ្នាក់ការទូតជំនាន់ទី២ជាមួយគ្នា ដែលកាលណោះ មានតែសិស្ស១២នាក់គត់ ហើយបានជួបគ្នាតែ២នាក់នៅក្រោយឆ្នាំ១៩៧៩ ។
លោក ខៀវ កាញារីទ្ធ បានរៀបរាប់យ៉ាងដូច្នេះថា «ក្រោយឆ្នាំ១៩៧៩ យើងបានជួបគ្នាតែពីរនាក់គត់ គឺ ឯ.ឧ. សុខ អាន (តាមពិតត្រកូលគាត់ផ្សេង តែក្រោយខ្មែរក្រហម គាត់យកនាមបិតារបស់គាត់ ជាត្រកូលវិញ) និងរូបខ្ញុំ។ ពេលនេះ គាត់ទៅមុនហើយ សូមវិញ្ញាណក្ខន្ធមិត្តបានទៅសោយសុខចុះ»។
សូមបញ្ជាក់ថា សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាពនៅវេលាម៉ោង ៦៖៣២នាទីល្ងាច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។ សម្តេចគឺជាអ្នកមានគុណបំណាច់ដ៏ធំធេងមួយ ក្នុងការបំពេញការងារ និងពលីគ្រប់យ៉ាង ដើម្បីបុព្វហេតុជាតិ។
សពរបស់សម្តេចវិបុលបញ្ញា សុខ អាន នឹងត្រូវដឹកតាមយន្តហោះពីទីក្រុងប៉េកាំង ប្រទេសចិន ត្រឡប់មកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ៣-៤ទៀបភ្លឺ ចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះបើតាមមន្រ្តីអាកាស យានដ្ឋានអន្តរជាតិភ្នំពេញថ្លែងឲ្យដឹងនៅមុននេះបន្តិច។
ក្រោយទទួលដំណឹងមរណភាពនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចមួយ ដោយបង្កើតគណៈកម្មការ ដើម្បីរៀបចំបុណ្យសព សម្តេចវិបុលបញ្ញា សុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី។
គណៈកម្មការរៀបចំបុណ្យសពនេះដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈន ជាប្រធាន និង សម្តេចព្រះពោធិវង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាកចក្រកម្ពុជា ជាអនុប្រធាន រួមទាំងសមាជិកជាច្រើនទៀត៕
ក្នុងសំណេរលើ Facebook ខាងលើ លោករដ្ឋមន្រ្តី បានសម្ដែងនូវការសោកស្ដាយយ៉ាងក្រៀមក្រំ ដោយបានសរសេរយ៉ាងនេះថា «សូមវិញ្ញាណក្ខន្ធមិត្តបានទៅសោយសុខចុះ»៕