(ភ្នំពេញ)៖ សពរបស់សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី នឹងត្រូវដឹកតាមយន្តហោះពីទីក្រុងប៉េកាំង ប្រទេសចិន ត្រឡប់មកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ៣-៤ទៀបភ្លឺ ចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះបើតាមមន្រ្តីអាកាស យានដ្ឋានអន្តរជាតិភ្នំពេញថ្លែងឲ្យដឹងនៅមុននេះបន្តិច។ មន្រ្តីអាកាសយានដ្ឋានអន្តរជាតិដដែលរូបនោះបានថ្លែងទៀតថា យន្តហោះដឹកសពសម្តេចវិបុលបញ្ញា សុខ អាន អាចនឹងត្រូវចុះចតនៅព្រលានយន្តហោះយោធា។
សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាពនៅវេលាម៉ោង ៦៖៣២នាទីល្ងាច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។ សម្តេចគឺជាអ្នកមានគុណបំណាច់ដ៏ធំធេងមួយ ក្នុងការបំពេញការងារ និងពលីគ្រប់យ៉ាង ដើម្បីបុព្វហេតុជាតិ។
ក្រោយទទួលដំណឹងមរណភាពនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចមួយ ដោយបង្កើតគណៈកម្មការ ដើម្បីរៀបចំបុណ្យសព សម្តេចវិបុលបញ្ញា សុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី។ គណៈកម្មការរៀបចំបុណ្យសពនេះដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈន ជាប្រធាន និង សម្តេចព្រះពោធិវង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាកចក្រកម្ពុជា ជាអនុប្រធាន រួមទាំងសមាជិកជាច្រើនទៀត៕