(ភ្នំពេញ)៖ លោកម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ បានប្រគល់ម៉ាស៊ីនភ្លើង ចំនួន២៤គ្រឿង ដល់មន្ទីរពេទ្យបង្អែក រាជធានី-ខេត្ដ ដើម្បីយកទៅប្រើប្រាស់ឲ្យមានតម្លាភាពខ្ពស់ ក្នុងការបម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង។
លោករដ្ឋមន្រ្ដី បានលើកឡើងថា «ម៉ាស៊ីនភ្លើង ដែលយើងចែកជូនទៅដល់បណ្ដាមន្ទីរពេទ្យបង្អែកនេះ ខ្ញុំសង្ឃឹមថា លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ នឹងយកទៅប្រើប្រាស់ ទៅតាមតម្រូវការងាររបស់ខ្លួន បានកាន់តែប្រសើរជាងមុន មួយកម្រិតទៀត ហើយសង្ឃឹមថា មន្ដ្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវរួមសាមគ្គីគ្នា កុំមើលបណ្ដាំគ្នា ចេះជួយគ្នាទៅវិញទៅមក និងយកចិត្ដទុកដាក់ព្យាបាលប្រជាពលរដ្ឋយើង ឲ្យបានល្អ »។
រដ្ឋមន្ដ្រីបន្ដថា ដូចនេះ ថ្ងៃនេះក្រសួង បានយកមា៉ស៊ីនភ្លើង២៤គ្រឿងនេះ ចែកជូនដល់មន្ទីរបង្អែក នៅទូទាំងប្រទេស ដែលមានកម្លាំង ២២០KVA , ១០០KVA និង ១៧KVA ដែលម៉ាស៊ីនេះថ្មី គុណភាពល្អ ដែជាផលិតរបស់ជប៉ុន មានការធានាត្រឹមត្រូវ ។
ម៉ាស៊ីនទាំង៣ប្រភេទ និងចំនួន២៤គ្រឿងនេះ បានប្រគល់ដល់មន្ទីរពេទ្យបង្អែកខេត្ដ កំពង់ឆ្នាំង បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពត សៀមរាប ស្ទឹងត្រែង ព្រៃវែង ពោធិ៍សាត់ តាកែវ ឧត្ដមមានជ័យ កែប ត្បូងឃ្មុំ មន្ទីរបង្អែកភ្នំពេញ ខណ្ឌដង្កោ ក្រចេះ មណ្ឌលគិរី រតនគិរី ស្វាយរៀង កំពង់ធំ បៃលិន កណ្ដាល ព្រះវិហារ និងខេត្ដព្រះសីហនុ៕