(ភ្នំពេញ)៖ យោងតាមលទ្ធផលនៃកិច្ចប្រជុំ «កិច្ចប្រជុំលើកទី៩ កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍរវាងបណ្តា ខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម» នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ កម្ពុជា-វៀតណាម បានសម្រេចជាមួយគ្នា យ៉ាងដាច់ខាតថា មិនអនុញ្ញាតឲ្យកម្លាំងអានុភាពអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីបំពានបំផ្លាញសន្តិសុខ ស្ថិរភាពរបស់ប្រទេសម្ខាងទៀត បានជាដាច់ខាត។
បន្ថែមពីលើនេះ ភាគីកម្ពុជា និងវៀតណាម បានបញ្ជាក់ទៀតថា សមត្ថកិច្ចដែលឈរជើងនៅតាមព្រំដែន ត្រូវលើកកម្ពស់ ស្មារតីទទួលខុសត្រូវខ្ពស់ជាប់ជាប្រចាំ នៅក្នុងតួនាទី ភារកិច្ចថែរក្សា និងការពារសុវត្ថិភាព ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ នៅតាមតំបន់ព្រំដែនឲ្យបានល្អប្រសើរ សំដៅដល់ការកសាងព្រំដែន ប្រទេសទាំងពីរ ឲ្យមានការអភិវឌ្ឍ។
ការសម្រេចរវាងភាគីកម្ពុជា-វៀតណាម នាពេលនេះ បានធ្វើឡើង នៅក្នុង «កិច្ចប្រជុំលើកទី៩ កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម» រៀបចំធ្វើឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារអ៊ីនធើខនធីណិនថល។ ក្នុងកិច្ចប្រជុំនេះ ភាគីកម្ពុជា តំណាងឱ្យ សម្តេចក្រឡាហោម ស ខេង និងភាគីវៀតណាមតំណាងដោយ លោករដ្ឋមន្រ្តីក្រសួងការបរទេស ផាម ប៊ិញមិញ។
ជាមួយគ្នានោះដែរ កម្ពុជា-វៀតណាម នឹងបង្កើនការត្រួតពិនិត្យឲ្យបានហ្មត់ចត់ ក្នុងការឆ្លងកាត់ព្រំដែន ស្វែងរក និងទប់ស្កាត់ សកម្មភាពប្រឆាំង បំផ្លាញរបស់បណ្តាអានុភាពអមិត្ត សំដៅដល់ការបង្កអសន្តិសុខសណ្តាប់ធ្នាប់របស់ប្រទេសនីមួយៗ និងបង្កការបំបែកបំបាក់ មូលបង្កាច់ទំនាក់ទំនងប្រពៃណី ល្អប្រសើរដែលមានរវាងប្រទេសទាំងពីរ ព្រមតាំងសហការ ដោះស្រាយវិនិច្ឆ័យ បណ្តាមុខសញ្ញាឆ្លងដែនខុសច្បាប់ លើមូលដ្ឋាននៃច្បាប់ប្រទេសទាំងពីរ និងការព្រមព្រៀង ដែលភាគីទាំងពីរ បានចុះហត្ថលេខាផងដែរ៕