(ភ្នំពេញ)៖ ភាគីកម្ពុជា-វៀតណាម បានឯកភាពគ្នាថា នឹងរួមគ្នាទប់ស្កាត់ និងដោះស្រាយភ្លាមៗ នូវរាល់បញ្ហាដែលកើតឡើង នៅតាមព្រំដែន ដើម្បីធ្វើយ៉ាងណា កុំឱ្យប៉ះពាល់ ដល់ទំនាក់ទំនងជាប្រពៃណីរបស់ប្រទេសទាំងពីរ។ នេះបើតាមការប្រកាស លទ្ធផលនៃកិច្ចប្រជុំ «កិច្ចប្រជុំលើកទី៩ កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍរវាង បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម» នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ។
កិច្ចប្រជុំនេះ រៀបចំធ្វើឡើង នៅសណ្ឋាគារអ៊ីនធើខនធីណិនថល នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ ដោយភាគីកម្ពុជាំ តំណាងឱ្យ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ចំណែកភាគីវៀតណាម តំណាងដោយ លោកឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញមិញ រដ្ឋមន្រ្តីក្រសួងការបរទេស ។
នៅក្នុងសេចក្តីប្រកាសនេះ បានបញ្ជាក់ថា «ភាគីទាំងពីរវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេស និងគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន នៃប្រទេសទាំងពីរ ដែលបានខិតខំប្រឹងប្រែងក្នុងការកំណត់ខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក រវាងប្រទេសទាំងពីរ ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ សម្រេចបានប្រមាណ ៨៤%។ លើមូលដ្ឋាននេះ ភាគីទាំងពីរជំរុញឱ្យបណ្តាខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរត្រូវសហការគ្នាថែរក្សា និងការពារបង្គោលព្រំដែន និងបង្គោលតម្រុយព្រំដែន ដែលបានបោះរួច មិនឱ្យមានការបំផ្លិចបំផ្លាញ និងត្រូវខិតខំបន្តរក្សាការគ្រប់គ្រងព្រំដែនត្រឹមត្រូវតាមសន្ធិសញ្ញា និងការព្រមព្រៀងស្តីពីព្រំដែន ដែលប្រទេសទាំងពីរបានចុះហត្ថលេខា។ ក្នុងករណីមានហេតុការណ៍ ឬបាតុភាពអ្វីមួយកើតឡើងនៅតំបន់ព្រំដែន បណ្តាខេត្តជាប់ព្រំដែន ត្រូវពិភាក្សាគ្នា និងសហការគ្នាដោះស្រាយភ្លាម មិនទុកឱ្យបញ្ហាកើត មានឡើងរីករាល ដាលបង្កផលប៉ះពាល់ដល់ទំនាក់ទំនងជាប្រពៃណីល្អរវាងប្រទេសទាំងពីរ និងបង្កការរារាំងស្ទះដល់ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនឡើយ ដោយឈរលើស្មារតី យោគយល់គ្នាទៅវិញទៅមក និងសន្តិវិធី»។
សេចក្តីប្រកាសបានបញ្ជាក់ទៀតថា «បណ្តាខេត្តជាប់ព្រំដែន ត្រូវផ្តល់កិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើរដល់ ក្រុមការងារ បច្ចេកទេស នៅក្នុងការចុះស្រាវជ្រាវ និងវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក នៃប្រទេសទាំងពីរ និងត្រូវចាត់តាំងអនុវត្តតាមគោលការណ៍ណែនាំ និងការសម្រេចរបស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក និងការព្រំព្រៀងទាំងឡាយ របស់រាជរដ្ឋភិបាល នៃប្រទេសទាំងពិរឱ្យបានម៉ឺងម៉ាត់បំផុត»៕