(ភ្នំពេញ)៖ កម្ពុជា-វៀតណាម នឹងជំរុញល្បឿនការសាងសង់ស្ពានភ្ជាប់តំបន់ជ្រៃធំ-ឡុងប៊ិញ ដែលជាស្ពានឆ្លងកាត់ព្រំដែន រវាងខេត្តកណ្តាល និងខេត្តអានយ៉ាង ដើម្បីអាចសម្ពោធដាក់ឲ្យដំណើរការក្នុងឆ្នាំ២០១៧នេះ។ នេះបើតាមការប្រកាស លទ្ធផលនៃកិច្ចប្រជុំ «កិច្ចប្រជុំលើកទី៩ កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម» នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការ លើវិស័យសាធារណការ និងដឹកជញ្ជូនរវាង បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលបានខិតខំ ជំរុញការតភ្ជាប់បណ្តាញផ្លូវគមនាគមន៍សំខាន់ៗ នៅតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដើម្បីជួយសម្រូលដល់ការ ផ្លាស់ប្តូរពាណិជ្ជកម្ម ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរឆ្លងកាត់ព្រំដែន។ ភាគីកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភ របស់ភាគីវៀតណាម ក្នុងការស្ថាបនាផ្លូវគមនាគមន៍ និងស្ពានឆ្លងកាត់ព្រំដែន នាពេលកន្លងមក។
ការសម្រេចរវាងភាគីកម្ពុជា-វៀតណាម នាពេលនេះ បានធ្វើឡើង នៅក្នុង «កិច្ចប្រជុំលើកទី៩ កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម» រៀបចំធ្វើឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារអ៊ីនធើខនធីណិនថល។ ក្នុងកិច្ចប្រជុំនេះ ភាគីកម្ពុជា តំណាងឱ្យ សម្តេចក្រឡាហោម ស ខេង និងភាគីវៀតណាមតំណាងដោយ លោករដ្ឋមន្រ្តីក្រសួងការបរទេស ផាម ប៊ិញមិញ ។
បន្ថែមពីលើនេះ ភាគីទាំងពីរ ក៏សហការជំរុញការចរចាឲ្យបានសម្រេច ដើម្បីឈានទៅដល់ការចុះហត្ថលេខាលើបណ្តា ខ្លឹមសាររួមមាន៖ ១៖ អនុស្សរណៈ នៃការយោគយល់គ្នា ថ្នាក់រាជរដ្ឋាភិបាលស្តីពីយុទ្ធសាស្រ្តសហប្រតិបត្តិការ គមនាគមន៍ដឹកជញ្ចូនកម្ពុជា- វៀតណាម ដំណាក់កាលឆ្នាំ២០១៧-២០២៥ ចក្ខុវិស័យដល់ឆ្នាំ២០៣០។ ២៖ អនុស្សារណៈ នៃការយោគយល់គ្នារវាងក្រសួងសាធារណការ និងដឹកជញ្ចូនកម្ពុជា និងក្រសួងគមនាគមន៍ដឹកជញ្ចូន វៀតណាម ស្តីពីការដំណើរការសិក្សា កសាងផ្លូវអ៉ិចប្រេសវ៉េ ភ្នំពេញ ទីក្រុងហូជីមិញ។ ៣៖ ពិធីសារវិសោធនកម្ម លើពិធីសារអនុវត្ត កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវគោកកម្ពុជា-វៀតណាម៕