(ភ្នំពេញ)៖ កម្ពុជា-វៀតណាម បានឯកភាពគ្នាជំរុញ ការដំឡើងកម្រិតច្រកទ្វារតំបន់ព្រំដែនម៉ឺនជ័យ (ខេត្តព្រៃវែង) និងច្រកទ្វារតំបន់ព្រំដែនតឺនណា ខេត្តតៃនិញទៅជាច្រកអន្តរជាតិ ឱ្យបានសម្រេចក្នុងពេលឆាប់់ៗនេះ។
ការសម្រេចរវាងភាគីកម្ពុជា-វៀតណាម នាពេលនេះ បានធ្វើឡើងនៅក្នុង «កិច្ចប្រជុំលើកទី៩ កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម» ដែលរៀបចំ នៅសណ្ឋាគារអ៊ីនធើខនធីណិនថល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ។ បន្ថែមពីលើនេះ កម្ពុជា-វៀតណាម ក៏បានចេញនូវសេចក្តីប្រកាសរួមផ្លូវការមួយ នៅក្រោយកិច្ចប្រជុំ ដែលបានបិទបញ្ចប់ ដោយលទ្ធផលផ្លែផ្កា និងជោគជ័យផងដែរ។
យោងតាមសេចក្តីប្រកាសរួមរវាងភាគីទាំងពីរ បានបញ្ជាក់ឲ្យដឹងថា «ភាគីទាំងពីរប្តេជ្ញាបន្តអនុវត្តនូវរាល់ការព្រមព្រៀង ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ បាន ឯកភាពគ្នា ក្នុងការបង្កើតថ្មី និងដំឡើងកម្រិតច្រកទ្វារព្រំដែននាពេលកន្លងមក ក្នុងនោះជាអាទិ៍ ភាគីទាំងពីរឯកភាពជំរុញ ការដំឡើងកម្រិតច្រកទ្វារតំបន់ ព្រំដែនម៉ឺនជ័យ (ខេត្តព្រៃវែង) និងច្រកទ្វារតំបន់ព្រំដែនតឺនណា ខេត្តតៃនិញ ទៅជាច្រកអន្តរជាតិ ឱ្យបានឆាប់់។ កិច្ចប្រជុំនេះ ធ្វើឡើងដោយមាន ការចូលរួមពីសហប្រធានសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី និង លោកឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញ មិញ រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម និងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូបទៀត»។
ក្រៅពីការលើកឡើងខាងលើនេះ កម្ពុជា-វៀតណាម ក៏បានបញ្ជាក់លទ្ធផលមួយចំនួនទៀត នៅក្នុងសេចក្តីប្រកាសរួមផងដែរ ដូចជា ការអភិវឌ្ឍរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម, កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាប់ ខេត្តព្រំដែនកម្ពុជា -វៀតណាម, ការបង្ការ ការទប់ស្កាត់បទល្មើសគ្រប់រូបភាព នៅតាមបណ្តាព្រំដែន, បង្កើនការអភិវឌ្ឍ ទេសចរណ៍នៅតាមបណ្តាព្រំដែន, ការសហការក្នុងការបោះបង្គោលព្រំដែន និង កំណត់ខណ្ឌសីមាជាដើម៕