(ប៉ារីស)៖ ក្នុងគោលបំណងដើម្បីសម្រេចគោលដៅ នៃការកែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជា ជាពិសេសការរៀបចំយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៧-២០២០ ដែលជាស្នូលនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាដើម្បីបន្តកែលម្អ និងធ្វើឱ្យកាន់តែប្រសើរឡើងនូវការរៀបចំ និងគ្រប់គ្រងថវិកាជាតិ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងដឹកនាំមន្រ្តីជំនាញជាន់ខ្ពស់ របស់ក្រសួង ធ្វើទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ ពាក់ព័ន្ធនឹងការរៀបចំ និងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាជាតិ រយៈពេល១សបា្តហ៍ ចាប់ពីថ្ងៃទី១៣-១៧ ខែមីនា ឆ្នាំ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
លោក វង្សី វិស្សុត បានថ្លែងថា «គោលបំណងនៃទស្សនកិច្ចសិក្សានេះ គឺដើម្បីសិក្សាស្វែងយល់អំពីទស្សនា ទានប្រព័ន្ធថវិកា សមិទ្ធកម្ម ឬលទ្ធផលរបស់ប្រទេសបារាំង ដែលត្រូវបានគេចាត់ទុកថា ជាប្រទេសឈានមុខមួយ នៅក្នុងការអនុវត្តថវិកាសមិទ្ធកម្ម នៅក្នុងចំណោមក្រុមប្រទេស OECD។ ជាមួយគ្នានេះប្រទេសបារាំង ក៏មានការរៀបចំ និងគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចរបស់ខ្លួនល្អប្រសើរផងដែរ ជាពិសេសការផ្សាភ្ជាប់នូវក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច ទៅនឹងការរៀបចំថវិកាជាតិ។ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរវាងកម្ពុជា និងបារាំង គឺមានលក្ខណៈដូចគ្នាច្រើន ជាពិសេសនៅក្នុងពេលនេះ កម្ពុជាកំពុងតែអនុវត្តនូវថវិកាកម្មវិធី ដូចប្រទេសបារាំង ដែលបានចាប់ផ្តើមអនុវត្តថវិកាកម្មវិធី ឬថវិកាសមិទ្ធកម្ម ចាប់ពីឆ្នាំ២០០៦មក»។
លោកថា នៅក្នុងដំណើរទស្សកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ ពាក់ព័ន្ធនឹងការរៀបចំនិងគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាជាតិ នៅក្នុងរយៈពេលមួយសបា្តហ៍នេះ មន្រ្តីជំនាញជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា ជួប និងធ្វើការពិភាក្សា ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ជាមួយមន្រ្តីជំនាញជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់ប្រទេសបារាំងជាច្រើនរូប ដែលជាអ្នកជំនាញជាន់ខ្ពស់ ទទួលបន្ទុកការងារផ្ទាល់ពាក់ព័ន្ធនឹងការរៀបចំថវិកាជាតិ, ការរៀបចំក្របខ័ណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ, ការវិភាជន៍ថវិកា និងគ្រប់គ្រងថវិកានៅតាមក្រសួងស្ថាប័ន ពាក់ព័ន្ធមួយចំនួនរបស់បារាំង, ការគ្រប់គ្រងថវិកានៅថ្នាក់ក្រោមជាតិ, ការត្រួតពិនិត្យចំណាយថវិកា និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមប្រព័ន្ធ ព័ត៌មានវិទ្យា ព្រមទាំងការត្រួតពិនិត្យ និងវាយតម្លៃផងដែរ៕