(កណ្តាល)៖ ករណីប្រជាពលរដ្ឋចំនួន១៦គ្រួសារ រស់នៅភូមិខ្សំ និងភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ចោទគណៈកម្មការចុះវែងដីធ្លី ខេត្តកណ្តាលថា បានវាស់ដីរបស់ពួកគាត់សរុបជាង៣០០ហិកតា យកទៅឲ្យឈ្មួញ២នាក់គឺលោក ដាំ ផល និងលោកស្រី សុខ សារឿននោះ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះលោក ដាំ ផល បានចេញមកបកស្រាយ និងអះអាងថា តាមពិតទៅលោកមានដីតែ៥៤ ហិកតាប៉ុណ្ណោះ ដែលទិញពីប្រជាពលរដ្ឋស្របច្បាប់ និងមានប្លង់កាន់កាប់ត្រឹមត្រូវ។
លោក ដាំ ផល បានបញ្ជាក់ថា «ខ្ញុំសូមបដិសេធចោលទាំងស្រុង ដែលបានចោទខ្ញុំថា បានរំលោភដីរបស់ពួកគាត់។ នេះការចោទប្រកាន់ និងមូលបង្កាច់ ដោយសារតែខ្ញុំមានដីត្រឹម៥៤ហិកតាប៉ុណ្ណោះ ហើយដីទាំងនេះ បានទិញពីប្រជាពលរដ្ឋដោយមានលិខិតទិញ-លក់ត្រឹមត្រូវ និងមានប្លង់ត្រឹមត្រូវផងដែរ»។
ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ផងដែរ ការចុះទៅវាស់វែងដីនៅពេលនោះ គឺកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចំរុះ ធ្វើឡើងដឹកនាំដោយរដ្ឋមន្រ្តី ព្រះរាជអាជ្ញា និងថ្នាក់ដឹកនាំខេត្ត ហើយលោកក៏គ្មានសិទ្ធិទៅបញ្ជាសមត្ថកិច្ចនោះទេ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋបានផ្ទុះការតវ៉ាចំនួន២ដង ដោយមានកាន់កាំបិត និងដំបងដើម្បីរារាំងមិនឲ្យឈ្មួញ ទាំង២នាក់នេះ និងអាជ្ញាធរចុះមកវាស់វែងនោះទេ កាលពីថ្ងៃទី៩-១០ ខែមករា ឆ្នាំ២០១៧កន្លងទៅ ប៉ុន្តែ១ថ្ងៃក្រោយមកគណៈកម្មការចុះវែងដីធ្លីដឹកនាំដោយអភិបាលរងខេត្តកណ្តាល ឃឹម ច័ន្ទគិរី បានដឹកនាំកម្លាំងសមត្ថកិច្ចជាច្រើននាក់ ទៅកាន់កន្លែងទំនាស់ ទើបប្រជាពលរដ្ឋសម្រេចនៅស្ងៀម ហើយទុកឲ្យមន្រ្តីវាស់សិនរង់ចាំការដោះស្រាយបន្តទៀត។
តំណាងប្រជាពលរដ្ឋ ដែលមានជម្លោះដីធ្លីមួយនេះ បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ថា ដីប្រមាណ៣៣៦,៦ហិកតា ស្ថិតនៅភូមិខ្សំ និងភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ពួកគាត់មានលិខិតកាន់កាប់ពីមេភូមិ-មេឃុំ តាំងពីឆ្នាំ២០០៨មកម្ល៉េះ ស្រាប់តែនៅដើមខែមករា ឆ្នាំ២០១៧ ដោយមាន ស.ជ.ណ ពីរាជរដ្ឋាភិបាលឲ្យអាជ្ញាធរ និងឈ្មួញទាំង២នាក់ ចុះទៅវាស់ និងកាត់ដីចេញពីទីតាំងដី ឧកញ៉ា ឡោក ហ៊ួរ ប៉ុន្តែពួកគេមិនបានចុះទៅវាស់ដីនៅម្ខាងប្រឡាយ ស្រាប់តែមកវាស់ដីរបស់ពូកគាត់ ដែលមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន ទៅវិញ។ ប្រជាពលរដ្ឋទាំង១៦គ្រួសារ បានដាក់ពាក្យបណ្តឹងទៅកាន់សាលាខេត្តកណ្តាល ទៅកាន់រដ្ឋមន្រ្តីក្រសួង រៀបចំដែនដី និងដាក់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មាន ដំណោះស្រាយនៅឡើយទេ។
យោងតាមពាក្យបណ្តឹង ប្រជាពលរដ្ឋបានលើកឡើងថា «នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញលិខិតជូនដំណឹង ដល់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរួបនីយកម្ម និងសំណង់ លើរបាយការណ៍ស្តីពីលទ្ធផល នៃការស្រាវជ្រាវករណីវិវាទដីធ្លី រវាងប្រជាពលរដ្ឋ និងឯកឧត្តម ឡោក ហួរ នៅស្រុកកៀនស្វាយ និងស្រុកស្អាង ខេត្តកណ្តាល។ បន្ទាប់មកនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ មានលេចមនុស្សចំនួន២នាក់គឺឈ្មោះ ដាំ ផល និងឈ្មោះ សុខ សារឿន បានប្រើប្រាស់អំណាចខុសច្បាប់ មករំលោភវាតទី បោះបង្គោលលើដីធ្លីរបស់យើងខ្ញុំ ដើម្បីយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេ។ ការបោះបង្គោលចាប់យកដីធ្លីដោយខុសច្បាប់ខាងលើនេះ យើងខ្ញុំដែលជាភាគីម្ចាស់ដី មិនហ៊ានចេញមុខតវ៉ានោះទេ ដោយពួកគេមានកងកម្លាំងប្រដាប់អាវុធ បានរួមដំណើរមកជាមួយផង ទើបបង្កឲ្យប្រជាពលរដ្ឋម្នាក់ៗមានភាពភ័យខ្លាច»។
យ៉ាងណាក៏ដោយអភិបាលស្រុកកៀនស្វាយ លោក អ៊ូរ ឈាង ថ្លែងថា ចំពោះករណីនេះកំពុងស្ថិតនៅដៃគណៈកម្មការដោះស្រាយដីធ្លីថ្នាក់ខេត្ត កំពុងដោះស្រាយហើយ តែចំពោះដីមួយកន្លែងនេះ មានការជាន់ឈ្មោះគ្នារហូតដល់៤ម្ចាស់ឯណោះ ដែលបានចោទគ្នាទៅវិញទៅមក ហើយលោក៏បានស្តីបន្ទោសយ៉ាងខ្លាំងដល់មេភូមិ និងមេឃុំផងដែរ ដែលបានចេញលិខិតកាន់កាប់ដីធ្លីខុសពេញទឹកពេញដី។
អភិបាលស្រុកបានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះថា «រឿងដីនេះ ខ្ញុំបានត្រួតពិនិត្យហើយ ហាក់ដូចជាមានភាពមិនប្រក្រតី ហើយដីជាន់គ្នា៣-៤ត្រួត ហើយកំហុសមកពីមេភូមិ-មេឃុំចេញលិខិតកាន់កាប់ដីធ្លីពេញទឹកពេញដី»។
បើតាមលោកអភិបាលស្រុក នៅពេលនេះខាងគណៈកម្មការដោះស្រាយវិវាទដីធ្លី របស់ខេត្តកំពុងតែដោះស្រាយហើយ ពោលវាហួសពីសមត្ថភាពរបស់ស្រុក ហើយបញ្ហាដីនេះ វាត្រូវការពេលវេលា និងពិនិត្យឡើងវិញលើឯកសារពាក់ព័ន្ធ ទាំងអស់ ហើយភាគីម្ខាងៗចេះតែចោទគ្នាវិញទៅមក។
លោកបានបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋ បានបង្ហាញលិខិតកាន់កាប់ដីធ្លីរបស់អាជ្ញាធរមូលដ្ឋាន រីឯឈ្មោះដាំ ផល និងសុខ សារឿន ក៏មានលិខិតទិញលក់ដីធ្លីផងដែរ ដែលទាំងនេះហើយជាកំហុសរបស់មេភូមិ-មេឃុំចេះតែចេញ ចេះតែស៊ីញេ។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋទាំង១៦គ្រួសារ សូមអំពាវនាវ សុំការអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងមន្ត្រីពាក់ព័ន្ធ ជួយដោះស្រាយប្រកបដោយភាពយុត្តិធម៌ គឺដីឈ្មួញត្រូវប្រគល់ទៅឈ្មួញ រីឯដីរបស់ប្រជាពលរដ្ឋត្រូវប្រគល់ឲ្យពួកប្រជាពលរដ្ឋ ដើម្បីពួកគាត់មានសិទ្ធិកាន់កាប់ដីឡើងវិញ៕