(ពោធិ៍សាត់)៖ ការដើរចេញពីគណបក្សសង្គ្រោះជាតិ (CNRP) បានផ្ទុះឡើងទៀតហើយ ដោយសារតែពួកគេអស់ជំនឿលើការដឹកនាំរបស់ថ្នាក់លើពួកគេ។ ជាក់ស្តែងមន្រ្តីសំខាន់ៗប្រមាណ៥០នាក់ មកពីឃុំចំនួន៣ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងនោះមានប្រធានប្រតិបត្តិឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងមន្ត្រីសកម្មផងនោះ សម្រេចចិត្តចាកចេញពីបក្ស ហើយមកចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។
ពិធីប្រកាសចូលរួមការងារជាមួយគណបក្សប្រជាកម្ពុជា នឹងត្រូវធ្វើឡើងនៅរសៀលថ្ងៃ១៦ ខែមីនា ឆ្នាំ២០១៧ស្អែកនេះ នៅសាលប្រជុំគណបក្សស្រុកបាកាន ស្ថិតក្នុងភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ នេះបើតាមការឲ្យដឹងពី លោក ហេង ចាន់ធួន អនុប្រធានគណៈពង្រឹងក្រុមបក្ស បានប្រាប់ភ្នាក់ងារ Fresh News នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលសមាជិក CNRP បានសម្រេចចិត្តចាកចេញ មកចូលរួមការងារ ជាមួយគណបក្សប្រជាជនកម្ពុជា ហើយតទៅមុខទៀតនឹងមានការប្រកាសចូលបន្ថែមទៀត រហូតដល់ការថ្ងៃបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ។ ការចាកចេញបន្តបន្ទាប់ខាងលើនេះដោយសារសមាជិក CNRP ខកចិត្តដែល ក្រុមការងារបោះឆ្នោតដកលោក សម រង្សី ចេញពីតំណែង តែងតាំងលោក កឹម សុខា ជាប្រធានគណបក្សថ្មី ពោរពេញដោយ កាមតណ្ហាយ៉ាងដូច្នេះ។
លោក ហេង ចាន់ធួន បានឲ្យដឹងថា «គោលនយោបាយបក្សប្រឆាំង គឺមិនច្បាស់លាស់ទេ CNRP បានចោទCPP និងបាននិយាយថា ត្រូវរើសមេឃុំបម្រើរាស្រ្ត កុំរើសមេឃុំបម្រើបក្ស តែពាក្យនេះ គួរតែដាក់ឲ្យបក្សខ្លួនឯងទើបត្រូវ ហើយបក្សប្រឆាំងមានដែលបម្រើរាស្រ្តស្អីខ្លះ? ធ្វើអ្វីបានខ្លះ?»។ បើមេឃុំបក្សប្រជាជនកម្ពុជា ទើបបានបម្រើស រាស្រ្តពិតប្រាកដ រួមទាំងបានកសាង និងអភិវឌ្ឍន៍ភូមិ/ឃុំ មានការរីកចម្រើនដល់សព្វថ្ងៃ៕