(ភ្នំពេញ)៖ លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ បានអះអាងថា លោក សម រង្ស៊ី កំពុងបញ្ចេញទស្សនៈប្រើប្រាស់ កលល្បិចនិយម ដើម្បីភូតកុហកប្រជាពលរដ្ឋ ជុំវិញគោលនយោបាយ បញ្ចុះការប្រាក់របស់វិស័យ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលរាជរដ្ឋាភិបាលប្រកាសនាថ្មីៗនេះ។
ប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនទៅក្រៅប្រទេស ដោយគេចចេញ ពីការអនុវត្តទោសនៅកម្ពុជា បានផ្សព្វផ្សាយនៅលើទំព័រ Facebook របស់លោកកាលពីយប់ថ្ងៃអង្គារម្សិលមិញថា គោលនយោបាយបន្ទាប ការប្រាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់ចេញនេះ គឺជាគោលនយោបាយរបស់លោក ដែលបានស្នើទៅកាន់ រដ្ឋាភិបាល កាលពី២ឆ្នាំមុន។
អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបានលាឈប់ពីតំណែង កាលពីខែមុននេះ ក៏បានជំរុញឱ្យរាជរដ្ឋាភិបាល បន្ទាបការប្រាក់ឱ្យកាន់តែទាប ថែមទៀត ដើម្បីឱ្យដូចប្រទេសរីកចំរើនមួយចំនួននៅលើពិភពលោក ធ្វើយ៉ាងណាសម្រួលកាន់តែច្រើន ដល់ជីវភាពប្រជាពលរដ្ឋ ជាពិសេសកសិករ។
លោក សួស យ៉ារ៉ា បានបញ្ជាក់បែបនេះថា៖ «លោក សម រង្ស៊ី កំពុងតែបញ្ចេញនូវទស្សនៈនៃការប្រើប្រាស់កលល្បិចនិយម ភូតកុហកប្រជាជន ហើយក៏កំពុងយកទស្សនៈមួយថា ប្រទេសដែលគាត់ប្រៀបធៀប(អត្រាការប្រាក់)នេះ គឺសុទ្ធតែជាប្រទេសមិនមានរបបប្រល័យពូជសាសន៍ទេ»។
លោក សួស យ៉ារ៉ា បានអះអាងបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន មានគោលនយោបាយច្បាស់លាស់ ដែលគិតគូរអំពីបញ្ហាប្រជាពលរដ្ឋ ដោយមិនធ្វើតាមការបង្គាប់បញ្ជារបស់នរណាឡើយ។ ដោយចាប់ផ្តើមពីបាតដៃទទេ ក្រោយរបបប្រល័យ ពូជសាសន៍ប៉ុលពត, រាជរដ្ឋាភិបាល បានគិតគូរបញ្ហា៣ចំណុច រួមមាន ទី១.ជំរក ការស្លៀកពាក់ និងការស្នាក់នៅរបស់ពលរដ្ឋ ទី២. ដឹកនាំប្រទេសពីប្រទេសសេដ្ឋកិច្ចផែនការ មកជាប្រទេសសេដ្ឋកិច្ចទីផ្សារ និង៣. ប្រកួតប្រជែងប្រទេសកម្ពុជា ជាមួយសមាហរណកម្មទៅក្នុងតំបន់ និងអន្តរជាតិ។
លោកថ្លែងថា៖ «អញ្ចឹងទាំង៣នេះ មិនមែន លោក សម រង្ស៊ី មកបង្គាប់បញ្ជាយើងនោះទេ អញ្ចឹង លោក សម រង្ស៊ី គ្រាន់តែជាមនុស្សម្នាក់ដែលនៅ ជាប់ទោស និងផ្តន្ទាទោសដោយច្បាប់ព្រះរាជាណាចក្រកម្ពុជា។ អញ្ចឹងគណបក្សប្រជាជនកម្ពុជា គឺគិតលើប្រជាជន១៥លាននាក់ ចំណែករឿង លោក សម រង្ស៊ី និយាយគឺជារឿង ដែលចេញពីមាត់មនុស្សម្នាក់ មិនមានតម្លៃក្នុងការប្រើប្រាស់ និងរិះគន់លើនយោបាយរបស់យើងទេ»។
លោកបានបន្ថែមទៀតថា៖ «យើងជារដ្ឋាភិបាលរបស់គណបក្សប្រជាជន ដែលបានដឹកនាំកន្លងមកនេះ គឺយើងគិតគ្រប់ជ្រុងជ្រោយទាំងអស់ រួមទាំងសភាពការណ៍ សេដ្ឋកិច្ច ក្នុងតំបន់ សេដ្ឋកិច្ចពិភពលោក និងជីវភាពរបស់ប្រជាជនផ្ទាល់ខ្លួនឯង ដូច្នេះអ្វីៗនៃការគិតគូរ មិនមែនបានមកភ្លាមៗ ដូចអ្វីដែល សម រង្ស៊ី ចង់ធ្វើនោះទេ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារជាតិ បានសម្រេចទម្លាក់អត្រាការប្រាក់ឥណទាន (ប្រាក់កម្ចី) នៅតាមគ្រឹះស្ថានមី ក្រូហិរញ្ញវត្ថុទាំងអស់នៅក្នុងកម្ពុជាឱ្យមកនៅត្រឹមខ្ពស់បំផុត១៨% ក្នុង១ឆ្នាំ ដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយហានិភ័យ ដែលធ្លាប់កើតមានកន្លងមក ដែលពួកគាត់មិនមានលទ្ធភាពសងនៅពេលដែលការប្រាក់កើនឡើងកាន់តែច្រើន។ ការប្រកាសនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧តទៅ។ ដោយអនុវត្តសម្រាប់តែខ្ចីបំណុលថ្មីតែប៉ុណ្ណោះ។
ក្រោយមានការប្រកាសនេះ សាធារណជនប្រជាពលរដ្ឋ ជាពិសេសកសិករ ជាច្រើនបានសម្តែងការអបអរសាទរ និងអរគុណដល់រាជរដ្ឋាភិបាល៕