(ភ្នំពេញ)៖ លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា កិច្ចប្រជុំលើកទី៩ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ នៅតាមបណ្តាខេត្តជាប់ព្រំដែនប្រទេសទាំងពីរ រវាងសម្តេចក្រឡាហោម ស ខេង និង លោករដ្ឋមន្រ្តីការបរទេសវៀតណាម ផាម ប៊ិញ មិញ ដែលបានរៀបចំធ្វើឡើងនៅ សណ្ឋាគារអ៉ីនធើខនធីណិនថល នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ គឺទទួលបានលទ្ធផលល្អ។
លោក ព្រំ សុខា បានបញ្ជាក់ថា នៅក្នុងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍បណ្តាខេត្តជាប់ព្រំដែន ប្រទេសទាំងពីរ កម្ពុជា -វៀតណាម បានព្រមព្រៀងគ្នា បញ្ឈប់រាល់សកម្មភាពសាងសង់ទាំងឡាយ នៅតាមបណ្តោយបន្ទាត់ព្រំដែន។ លោក ព្រំ សុខា បានបន្ថែមថា ការសម្រេចបញ្ឈប់នេះ ដោយសារតែភាគីទាំងពីរ មើលឃើញថា តំបន់ព្រំដែនរវាងកម្ពុជា និងវៀតណាម នៅមិនទាន់បានដោះស្រាយហើយរួចរាល់ ហើយក៏ដោយសារតែកន្លែងខណ្ឌសីមាទាំងនោះ មិនទាន់បានកំណត់ ខណ្ឌព្រំប្រទល់ ច្បាស់លាស់។
ក្រៅពីការលើកឡើង ពីការសាងសង់សំណង់ផ្សេងៗ នៅតាមបណ្តាព្រំដែន ភាគីទាំងពីរក៏បានលើកឡើងពីការជួលដី នៅតាមបណ្តាខេត្តជាប់ព្រំដែនផងដែរ។
កិច្ចប្រជុំរវាងភាគីទាំងពីរ ធ្វើឡើងស្របពេលជាមួយខួបលើកទី៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា និងវៀតណាម។ កិច្ចប្រជុំនេះ ត្រូវបានគេរំពឹងថា នឹងផ្តល់ឱកាស ឲ្យប្រទេសទាំងពីរ រំលឹកឡើងវិញនៃសមិទ្ធផល ដែលសម្រេចបាននាពេលកន្លងមក រួមទាំងការរៀបចំផែនការទិសដៅសម្រាប់អនាគត ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងបន្ថែមនូវចំណងមិត្តភាពជាប្រពៃណី អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរដែលមានស្រាប់៕