(ភ្នំពេញ)៖ កម្ពុជា-វៀតណាម បានប្តេជ្ញាថា នឹងជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកើនដល់៥ពាន់លានដុល្លារ នាឆ្នាំខាងមុខ។ ការប្តេជ្ញានេះ បានធ្វើឡើង ក្នុងជំនួបរវាង រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក ផាម ប៊ិញ មិញ (Pham Binh Minh) និង សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧។ នេះបើតាម ការអះអាងរបស់ លោក កែវ ពិសិទ្ធ នាយកខុទ្ទកាល័យសម្តេច ហេង សំរិន។
កាលពីឆ្នាំកន្លងទៅ ទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា-វៀតណាម មានចំនួន ២.៩២៥ លានដុល្លារអាមេរិក។ ភាគីទាំងពីរបាននិងកំពុងប្រឹងប្រែងជំរុញវិស័យនេះឱ្យមានភាពល្អប្រសើរឡើងវិញ នៅឆ្នាំក្រោយៗទៀត តាមរយៈកិច្ចសម្របសម្រួល ពាណិជ្ជកម្មទ្វេភាគី សម្រាប់ឆ្នាំ២០១៦-២០១៧ ក៏ដូចជាវិធានការផ្សេងៗទៀត ដើម្បីសម្រេចឱ្យបានទិសដៅពាណិជ្ជកម្មទ្វេភាគី ៥ពាន់លាន នាឆ្នាំខាងមុខ។ នេះបើតាមការការអះអាងរបស់ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស ក្នុងកិច្ចប្រជុំជាមួយលោករដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម។
លោក ផាម ប៊ិញ មិញ បានសង្កេតឃើញថា ការទំនាក់ទំនងនយោបាយ ប្រទេសកម្ពុជា-វៀតណាម មានលក្ខណៈល្អប្រពៃ ប៉ុន្ដែទំនាក់ទំនងនៃការវិស័យពាណិជ្ជកម្ម វាហាក់បី មានការថយចុះ។ បន្ថែមពីនេះទៅទៀត លោកក៏បាន ស្នើប្រទេសកម្ពុជា បន្តគាំទ្របង្កលក្ខណៈងាយស្រួល ដល់ក្រុមហ៊ុនវិនិយោគវៀតណាម ដែលមកវិនិយោគទន់នៅកម្ពុជា ទាំងវិស័យលក្ខណៈច្បាប់ ទាំងលក្ខណៈផ្សេងៗទៀត ដើម្បីឲ្យមានលក្ខណៈងាយស្រួលឡើង៕