(បន្ទាយមានជ័យ)៖ បុរសគំនិតខ្លីម្នាក់ បានចងកបញ្ចប់ជីវិតខ្លួនឯង ទាំងកណ្ដាលថ្ងៃត្រង់ បង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិ នៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ បុរសនេះមានឈ្មោះ ឈឿន វុទ្ធី អាយុ៣០ឆ្នាំ។
បើតាមការរៀបរាប់ពីសាច់ញាតិ បាននិយាយប្រាប់ថា មុនកើតហេតុជនរងគ្រោះ បានទូរស័ព្ទទៅម្តាយបង្កើត ឈ្មោះ ហួន គឹមលាង អាយុ៦៥ឆ្នាំ ប្រាប់ថា «កូនលាហើយ ម៉ាក់មកមើលផង កូននឹងឡើងបង្គោលអង់តែនទូរស័ព្ទ លោតសម្លាប់ខ្លួនឥឡូវហើយ»។
ភ្លាមនោះ ម្តាយជនរងគ្រោះក៏ប្រញាប់មកកន្លែងកើតហេតុ ទៅរកមើលចំណុចអង់តែនទូរស័ព្ទ ដែលនៅចម្ងាយពីផ្ទះកើតហេតុ ប្រហែល ២០ម៉ែត្រ តែរកមិនឃើញ គាត់ក៏មកផ្ទះវិញ ស្រាប់តែឃើញកូនប្រុសចងកស្លាប់បាត់ទៅហើយ។
ខណៈសមត្ថកិច្ចជំនាញកំពុងត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យលើរាងកាយសព ហើយសន្មត់ថា ជនរងគ្រោះបានចងកធ្វើអត្តឃាតខ្លួនឯងពិតមែន។ សាកសពត្រូវបានប្រគល់ឲ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី៕