(ភ្នំពេញ)៖ ផ្ទះប្រជាពលរដ្ឋ៨៧ខ្នង ខេត្តព្រះវិហារ (៧១ខ្នង) ខេត្តឧត្តរមានជ័យ (៤ខ្នង) និងខេត្តប៉ៃលិន (១២ខ្នង) ត្រូវបានខ្យល់កន្ត្រាក់វាយបំផ្លាញ បណ្តាលឲ្យរងការខូចខាតយ៉ាងខ្លាំង តែមិនទាន់សេចក្តីរាយការណ៍ ពីគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះទេ ដែលគ្រោះធម្មជាតិនេះ បានកើតឡើងនៅថ្ងៃទី១៣-១៤ ខែមីនា ឆ្នាំ២០១៧។
សម្រាប់ខេត្តព្រះវិហារ អភិបាលស្រុកជំាក្សាន្ត លោក ជា គឹមសេង បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះថា ផ្ទះប្រជាពលរដ្ឋចំនួន៧១ខ្នង បានរងការខូចខាតដោយសារខ្យល់កន្រ្តាក់ (ភ្លៀងលាយឡំជាមួយខ្យល់) ស្ថិតនៅ៣ឃុំរួមមាន៖ ឃុំជាំក្សាន្ត ឃុំមរកត និងឃុំទឹកក្រហម កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧។
សម្រាប់ខេត្តឧត្តរមានជ័យវិញនៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ មានករណីខ្យល់កន្ត្រាក់ នៅភូមិឈូកមាស សង្កាត់កូនក្រៀល និងភូមិឆ្អើប សង្កាត់សំរោង ក្រុងសំរោង បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន៤ខ្នង។
ដោយឡែក សម្រាប់ខេត្តប៉ៃលិន នៅព្រលប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ មានភ្លៀងកក់ខែ១មេ លាយឡំ និងខ្យល់កន្ត្រាក់ បណ្ដាលឲ្យរបើកដំបូល ផ្ទះប្រជាពលរដ្ឋអស់ចំនួន១២ខ្នង (ខូចខាតធ្ងន់ចំនួន៣ខ្នង) នៅចំណុចស្ថិតក្នុងភូមិភ្នំកុយចំនួន១២ខ្នង និងភូមិភ្នំស្ពង់ចំនួន១ខ្នង ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការព្យាករណ៍អាកាសធាតុ ប្រចាំសប្តាហ៍ដោយបញ្ជាក់ឲ្យដឹងថា មានហេតុការណ៍ភ្លៀងកក់ខែ អាចនឹងធ្លាក់ស្ទើរទូទាំងប្រទេស។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានស្នើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្ដាក់ដែលអាចកើតមានឡើង នៅពេលមេឃរកកលនឹងភ្លៀង ពិសេសតំបន់វាលទំនាប់៕