(កណ្តាល)៖ ប្រជាពលរដ្ឋចំនួន១៦គ្រួសារ រស់នៅភូមិខ្សំ និងភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បានចោទគណៈកម្មការចុះវែងដីធ្លី ខេត្តកណ្តាលថា បានវាស់ដីរបស់ពួកគាត់សរុបជាង៣០០ហិកតា យកទៅឲ្យឈ្មួញ២នាក់​គឺលោក ដាំ ផល និងលោកស្រី សុខ សារឿន។

ប្រជាពលរដ្ឋបានផ្ទុះការតវ៉ាចំនួន២ដង ​ដោយមានកាន់កាំបិត និងដំបងដើម្បីរារាំងមិនឲ្យឈ្មួញទាំង២នាក់នេះ និងអាជ្ញាធរចុះ​មក​វាស់វែងនោះទេ កាលពីថ្ងៃទី៩-១០ ខែមករា ឆ្នាំ២០១៧កន្លងទៅ ប៉ុន្តែ១ថ្ងៃក្រោយមក​គណៈកម្មការចុះវែង​ដីធ្លីដឹក​នាំដោយ​អភិបាលរងខេត្តកណ្តាល ឃឹម ច័ន្ទគិរី បានដឹកនាំកម្លាំងសមត្ថកិច្ចជាច្រើននាក់ ទៅកាន់កន្លែងទំ​នាស់ ទើបប្រជាពល​រដ្ឋសម្រេច​នៅស្ងៀម ហើយទុកឲ្យម​ន្រ្តីវាស់សិនរង់ចាំការដោះស្រាយបន្តទៀត។

តំណាងប្រជាពលរដ្ឋ ដែលមានជម្លោះដីធ្លីមួយនេះ បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ថា ដីប្រមាណ៣៣៦,៦ហិកតា ស្ថិតនៅភូ​មិខ្សំ និងភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ពួកគាត់មានលិខិត​កាន់កាប់ពីមេភូមិ-មេឃុំ តាំងពីឆ្នាំ២០០៨មកម្ល៉េះ ស្រាប់តែនៅដើមខែមករា ឆ្នាំ២០១៧ ដោយមាន ស.ជ.ណ ពីរាជរដ្ឋាភិបាល​ឲ្យអាជ្ញាធរ និងឈ្មួញទាំង២នាក់ ចុះទៅវាស់ និងកាត់ដីចេញពីទីតាំងដី ឧកញ៉ា ឡោក ហ៊ួរ ប៉ុន្តែពួកគេ​មិនបានចុះ​ទៅវាស់ដីនៅម្ខាងប្រឡាយ ស្រាប់តែមកវាស់ដីរបស់ពូកគាត់ ដែលមានការទទួលស្គាល់​ពីអាជ្ញាធរ​មូលដ្ឋាន ទៅវិញ។

ប្រជាពលរដ្ឋទាំង១៦គ្រួសារ បានដាក់ពាក្យបណ្តឹងទៅកាន់សាលាខេត្តកណ្តាល ទៅកាន់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី និងដាក់ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយនៅឡើយទេ។

យោងតាមពាក្យបណ្តឹង ប្រជាពលរដ្ឋបានលើកឡើងថា «នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញ​លិខិតជូនដំណឹង ដល់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរួបនីយកម្ម និងសំណង់ លើរបាយការណ៍ស្តី​ពីលទ្ធផល នៃការស្រាវជ្រាវករណីវិវាទដីធ្លី រវាងប្រជាពលរដ្ឋ និងឯកឧត្តម ឡោក ហួរ នៅស្រុកកៀនស្វាយ និងស្រុកស្អាង ខេត្តកណ្តាល។ បន្ទាប់មកនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ មានលេចមនុស្សចំនួន២នាក់គឺឈ្មោះ ដាំ ផល និង​ឈ្មោះ សុខ សារឿន បានប្រើប្រាស់អំណាចខុសច្បាប់ មករំលោភវាតទី បោះបង្គោលលើដីធ្លីរបស់យើងខ្ញុំ ដើម្បីយក​ធ្វើ​កម្មសិទ្ធិផ្ទាល់​ខ្លួនរបស់ពួកគេ។ ការបោះបង្គោលចាប់យកដីធ្លីដោយខុសច្បាប់ខាងលើនេះ យើងខ្ញុំ​ដែល​ជាភាគី​ម្ចាស់ដី មិនហ៊ានចេញ​មុខតវ៉ានោះទេ ដោយពួកគេមានកងកម្លាំងប្រដាប់អាវុធ បានរួមដំណើរមកជាមួយផង ទើបបង្កឲ្យប្រជាពលរដ្ឋម្នាក់ៗ​មានភាពភ័យខ្លាច»

យ៉ាងណាក៏ដោយអភិបាលស្រុកកៀនស្វាយ លោក អ៊ូរ ឈាង ថ្លែងថា ចំពោះករណីនេះកំពុងស្ថិតនៅដៃ​គណៈកម្មការដោះ​ស្រាយ​ដីធ្លីថ្នាក់ខេត្ត កំពុងដោះស្រាយហើយ តែចំពោះដីមួយកន្លែងនេះ មានការជាន់ឈ្មោះគ្នារហូតដល់៤ម្ចាស់ឯណោះ ដែលបានចោទគ្នាទៅវិញទៅមក ហើយលោក៏បានស្តីបន្ទោសយ៉ាងខ្លាំងដល់មេភូមិ និងមេឃុំផងដែរ ដែលបានចេញ​លិខិតកាន់កាប់ដីធ្លីខុសពេញទឹកពេញដី។

អភិបាលស្រុកបានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះថា «រឿងដីនេះ ខ្ញុំបានត្រួត​ពិនិត្យ​ហើយ ហាក់ដូចជាមានភាពមិនប្រក្រតី ហើយដីជាន់គ្នា៣-៤ត្រួត ហើយកំហុសមកពីមេភូមិ​-មេឃុំចេញលិខិត​កាន់​កាប់ដីធ្លីពេញទឹកពេញដី»

បើតាមលោកអភិបាលស្រុក នៅពេលនេះខាងគណៈកម្មការដោះស្រាយវិវាទដីធ្លី របស់ខេត្តកំពុងតែដោះស្រាយហើយ ពោលវាហួសពីសមត្ថភាពរបស់ស្រុក ហើយបញ្ហាដីនេះ វាត្រូវការពេលវេលា និងពិនិត្យឡើងវិញលើឯកសារពាក់ព័ន្ធទាំងអស់ ហើយភាគីម្ខាងៗចេះតែចោទគ្នាវិញទៅមក។

លោកបានបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋ បានបង្ហាញលិខិតកាន់កាប់ដីធ្លីរបស់អាជ្ញាធរមូលដ្ឋាន រីឯឈ្មោះដាំ ផល និងសុខ សារឿន ក៏មានលិខិតទិញលក់ដីធ្លីផងដែរ ដែលទាំងនេះហើយជាកំហុសរបស់មេភូមិ-មេឃុំចេះតែចេញ ចេះតែស៊ីញេ។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋទាំង១៦គ្រួសារ សូមអំពាវនាវ សុំការអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមន្ត្រីពាក់ព័ន្ធ ជួយដោះស្រាយប្រកបដោយភាពយុត្តិធម៌ គឺដីឈ្មួញត្រូវប្រគល់ទៅឈ្មួញ រីឯដីរបស់ប្រជាពលរដ្ឋត្រូវ​ប្រគល់ឲ្យពួកប្រជាពលរដ្ឋ ដើម្បីពួកគាត់មានសិទ្ធិកាន់កាប់ដីឡើងវិញ៕