(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ បញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ ក្រសួងការពារជាតិ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ បានដឹកនាំកិច្ច ប្រជុំផ្សព្វផ្សាយ ស្តីពីការវាយតម្លៃ និងធ្វើតារាងប្រៀបធៀបទ្រព្យសម្បត្តិ រដ្ឋកើនឡើង-ថយចុះ សម្រាប់ឆ្នាំ២០១៥ និងសម្រាប់ឆ្នាំ២០១៦ កំណត់វាយតម្លៃ អចលនទ្រព្យ (ដីនិងអគារ) ធ្វើវិញ្ញាបនបត្រសម្គាល់អចលនទ្រព្យ ព្រមទាំងធ្វើបច្ចុប្បន្នភាព ស្ថិតិអង្គភាពប្រើប្រាស់ជាដើម។
កិច្ចប្រជុំខាងលើនេះ មានការអញ្ជើញចូលរួមពីលោកអគ្គនាយក អគ្គនាយករង នាយក នាយករង មេបញ្ជាការ មន្ត្រីជំនាញ តំណាងអង្គភាពស្ថាប័នចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងយោធភូមិភាគជាច្រើនរូបទៀត។
ឧត្តមសេនីយ៍ឯក ង៉ែត នរិន្ទ នាយក នាយកដ្ឋានវិស្វកម្ម និងជាអ្នកទទួលខុសត្រូវ កណ្តាលបញ្ជីសារពើភណ្ឌ ក្រសួងការពារជាតិ បានឲ្យដឹងថា កិច្ចប្រជុំនេះ មានសារៈសំខាន់ណាស់ ដែលរាជរដ្ឋាភិបាល បានកំណត់តម្រូវ ឲ្យបណ្តា ស្ថាប័នអង្គភាពរដ្ឋទាំងអស់ ត្រូវតែចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរបស់រដ្ឋ។ ក្រសួងការពារជាតិ ពីឆ្នាំ២០១៦កន្លងមក ត្រូវបានក្រសួងសេដ្ឋកិច្ចបង្កកថវិការបស់ក្រសួងការពារជាតិមួយរយៈ។
លោក ង៉ែត នរិន្ទ បានបន្តថា បើក្រសួងស្ថាប័នណា ដែលមិនបានរាយការណ៍ ពីបញ្ជីសារពើភណ្ឌរបស់រដ្ឋ ឲ្យបាន ទាន់ពេលវេលាទេនោះ នឹងបង្កកថវិកាចំនួន៣%។ ដូចនេះនៅឆ្នាំ២០១៧ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក៏តម្រូវឲ្យ ក្រសួងការពារជាតិ ធ្វើតារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើង និងថយចុះ សម្រាប់ឆ្នាំ២០១៥ និងសម្រាប់ឆ្នាំ២០១៦ ឲ្យបាននៅក្នុងត្រីមាសទី១នេះ។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានលើកឡើងថា នេះមិនមែនជារឿងថ្មីនោះទេ តែជាកិច្ចការងារមួយចាំបាច់ ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ ហើយក៏ជាផលប្រយោជន៍ សម្រាប់បណ្តាស្ថាប័ន អង្គភាពទ័ពទាំងអស់ទៅថ្ងៃអនាគតផងដែរ។
លោក ម៉ឹង សំផន បន្ថែមឲ្យដឹងថា កាលណាគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋបានល្អ គឺមេបញ្ជាការកងទ័ព មានរបស់របរប្រើប្រាស់ ដូចជា ដីធ្លី អគារ រថយន្ត សម្ភារៈការិយាល័យ និងគ្រឿងសង្ហារឹម ជាដើម។ រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និង ក្រសួងការពារជាតិ បានធ្វើកិច្ចការនេះ គឺសម្រាប់បំរើផលប្រយោជន៍រួមដល់មេបញ្ជាការអង្គភាពនីមួយៗលើការងារគ្រប់គ្រង និងមានលក្ខណៈងាយស្រួលលើការប្រើប្រាស់សម្ភារៈទាំងនោះ។ ម្យាងវិញទៀត ដើម្បីក្តាប់បានច្បាស់លាស់ នូវតម្រូវការ នានារបស់កងទ័ព ដើម្បីផ្គត់ផ្គង់និងបំពាក់ជូនដល់បណ្តាអង្គភាព ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងបំពេញភារកិច្ចរបស់ខ្លួន។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ជាក់ថា នេះក៏ជាបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំ របស់ក្រសួង សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងក្រសួងការពារជាតិ លើការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ហើយក៏ជាទុនសម្រាប់ធ្វើការវាយតម្លៃថវិកាប្រចាំឆ្នាំ របស់ជាតិ ការបង្កើនតម្លើងដល់ប្រាក់បៀរវត្សរបស់មន្ត្រីរាជការមានជីវភាពទៅតាមថវិការបស់ជាតិ និងមួយផ្នែកសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធជាតិផងដែរ។
នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានជំរុញ និងលើកទឹកចិត្តឲ្យមេបញ្ជាការ និងមន្ត្រីជំនាញគ្រប់អង្គភាពស្ថាប័នកងទ័ព ទាំងអស់ ត្រូវកំណត់ឲ្យបានច្បាស់លាស់ លើការកំណត់វាយតម្លៃអចលនទ្រព្យ(ដីនិងអគារ) ធ្វើវិញ្ញាបនបត្រ សម្គាល់ អចលនទ្រព្យ ព្រមទាំងធ្វើបច្ចុប្បន្នភាពស្ថិតិអង្គភាពប្រើប្រាស់ ជាពិសេសត្រូវយកចិត្តទុកដាក់រៀបចំធ្វើការវាយតម្លៃ និង ធ្វើតារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើង-ថយចុះ សម្រាប់ឆ្នាំ២០១៥ និងសម្រាប់ឆ្នាំ២០១៦ ដោយយកតារាងបញ្ជី សារពើភណ្ឌទ្រព្យឆ្នាំ២០១៤ ធ្វើជាគោល។
គួរបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ ក៏បានពិភាក្សាដោយផ្តោតការយកចិត្តទុកដាក់លើសេចក្តីផ្សព្វផ្សាយ ស្តីពី សារាចរណែនាំ លេខ០០១ ឆ្នាំ២០០៥របស់ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ស្តីពីការកែសម្រួលធ្វើបញ្ជីសារពើភណ្ឌ, សារាចរណែនាំ លេខ០៧ ឆ្នាំ២០១៤ របស់រាជរដ្ឋាភិបាល ស្តីពីការប្រៀបធៀបបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងលិខិតណែនាំរបស់ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងរបស់ក្រសួងការពារជាតិ៕