(ភ្នំពេញ)៖ សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច លោក តេង តឺលុច បានបង្ហាញនូវការយល់ឃើញថា ការសម្រេចកំណត់អត្រាការប្រាក់ឥណទាន (កម្ចី) មិនលើសពី១៨%ក្នុងឆ្នាំ ឬ១.៥ភាគរយក្នុង១ខែនេះ សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជាការសម្រេចមួយដ៏ត្រឹមត្រូវ និងទាន់ពេលវេលា ក្នុងការជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងតែជួបប្រទះការខ្វះខាត។
លោកសាស្រ្ដាចារ្យផ្នែកសេដ្ឋកិច្ច ដែលកំពុងបង្រៀននៅសាកលវិទ្យាល័យកម្ពុជារូបនេះ បានថ្លែងប្រាប់អង្គភាព Fresh News យ៉ាងដូច្នេះថា «ខ្ញុំពិតជាគាំទ្រយ៉ាងខ្លាំង នៅចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា ចំពោះការទម្លាក់អត្រាការប្រាក់កម្ចី នេះជា ដំណោះស្រាយដ៏ត្រឹមត្រូវ និងឆាប់រហ័ស ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រ ព្រោះកន្លងមកមានមីក្រូហិរញ្ញវត្ថុតូចៗមួយចំនួនធំ បានកំណត់ អត្រាការប្រាក់រហូតដល់ជាង៣០% ក្នុងមួយឆ្នាំ ឬ ៣%ក្នុង១ខែ ពិសេសនៅតាមទីជនបទ»។
លោកសាស្ត្រាចារ្យបន្ដទៀតថា ការសម្រេចកំណត់យក អត្រាការប្រាក់មិនឲ្យលើសពី១៨%នេះ ច្បាស់ណាស់ដំបូងអាចធ្វើឲ្យមានការពិបាកបន្ដិចក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៉ុន្ដែវាមិនអាចឈានដល់ការក្ស័យធននោះឡើយ ព្រោះមុននឹងចេញគោលការណ៍ កំណត់តម្លៃនេះ គឺច្បាស់ជាមានការគិតគូរយ៉ាងល្អិតល្អន់បំផុត របស់ធនាគារជាតិនៃកម្ពុជា ដែលមិនបណ្ដាលឲ្យមានការប៉ះពាល់ ទៅដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាឡើយ។
លោកសាស្ត្រាចារ្យសេដ្ឋកិច្ច តេង ដឺលុច បានសង្កត់ធ្ងន់ថា «ខ្ញុំគាំទ្រជាខ្លាំងក្នុងការកំណត់អត្រាការប្រាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រោះទាំងនេះ គឺផ្ដល់ប្រយោជន៍ជាច្រើន ទៅដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពង្រឹងវិស័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា និងលុបបំបាត់ការ កេងចំណេញទៅលើ ប្រជាពលរដ្ឋក្រីក្រផងដែរ»។
សូមជម្រាបថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈធនាគារជាតិ បានសម្រេច ទម្លាក់អត្រាការប្រាក់ឥណទាន (កម្ចី) របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា ពីជាង៣០%ក្នុងមួយឆ្នាំ មកនៅត្រឹម១៨%ប៉ុណ្ណោះ ក្នុង១ឆ្នាំ នេះបើតាមប្រកាសរបស់ ធនាគារជាតិនៃកម្ពុជា។
ការទម្លាក់អត្រាការប្រាក់នេះ ត្រូវបានធនគារជាតិនៃកម្ពុជា អះអាងថា ដើម្បីរួមចំណែកគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការការពារ ផលប្រយោជន៍ ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ទប់ស្កាត់បំណុលវ័ណ្ឌក និងកាត់បន្ថយភាពក្រីក្រ ការពារអតិថិជនពីការគិតការ ប្រាក់អត្រាខ្ពស់ពេក ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងជំរុញការប្រើប្រាស់ឥណទាន ឲ្យកាន់តែមានប្រសិទ្ធិភាព តាមរយៈការផ្ដល់ឥណទានពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយមាន ការប្រុងប្រយ័ត្នខ្ពស់ជាងមុន៕