(ភ្នំពេញ)៖ តុលាការកំពូល នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ បានសម្រេចពន្យារពេលសវនាការរឿងក្ដី លោក ហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ ទៅថ្ងៃក្រោយវិញដោយមិនកំណត់ ព្រោះការអវត្តមានរបស់មេធាវីនៅក្នុងសវនាការនៅព្រឹកមិញនេះ។ សវនាការនេះដឹកនាំដោយ លោកស្រី គិម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញារង ជាតំណាងមហាអយ្យការ ។
មន្ត្រីតុលាការកំពូល បានបញ្ជាក់ឱ្យដឹងថា រឿងក្តីបទល្មើសឧក្រិដ្ឋ ចាំបាច់ត្រូវតែមានមេធាវីការពារក្ដី។ ប្រសិនបើគ្មានមេធាវីទេ សវនាការពុំអាចដំណើរការបានឡើយ ។
ឯកសារតុលាការកំពូល បង្ហាញថា លោក ហេង ពៅ កំពុងឃុំខ្លួនក្នុងមណ្ឌលអប់រំកែប្រែម១ (ពន្ធនាគារព្រៃស) ដោយជាប់ចោទពីបទ «បង្ខាំងមនុស្សខុសច្បាប់» ប្រព្រឹត្តឡើងនៅខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០០៣។
សវនាការតុលាការកំពូលនាពេលនេះ ធ្វើឡើងបន្ទាប់ពីលោក ហេង ពៅ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ផ្តន្ទាទោសដូចគ្នាដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ ។
មន្ត្រីតុលាការ បញ្ជាក់ថា បច្ចុប្បន្ន លោក ហេង ពៅ មានទោសជិត១០០ឆ្នាំ ពាក់ព័ន្ធរឿងក្ដីជាច្រើនសុទ្ធតែរឿងក្តីធំ ពិសេសករណីប៉ុនប៉ងបាញ់សម្លាប់ លោក ថុង អ៊ុយប៉ាង ចាងហ្វាងកាសែតកោះសន្តិភាព និង ប៉ុនប៉ងបាញ់សម្លាប់ លោក អ៊ុក សាវុធ ព្រះរាជអាជ្ញាតុលាការក្រុងភ្នំពេញ ដែលបច្ចុប្បន្នជាអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ៕