(ភ្នំពេញ)៖ កម្ពុជា និងវៀតណាម នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ បានចាប់បើកកិច្ចប្រជុំលើកទី៩ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនប្រទេសទាំងពីរ។
កិច្ចប្រជុំនេះធ្វើឡើងនៅសណ្ឋាគារអ៉ីនធើខុន ក្រោមសហប្រធានសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី និងលោកឧបនាយករដ្ឋមន្រ្តី ផាម ប៊ិញ មិញ រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម។
សូមបញ្ជាក់ថា នៅព្រឹកមិញនេះលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងឧបនាយករដ្ឋមន្រ្តីវៀតណាម ផាម ប៊ិញ មិញ ក៏បានបើកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៥ផងដែរ។ កិច្ចប្រជុំបានសម្រេចនូវលទ្ធផលជាច្រើនចំណុច ក្នុងការពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។
ជាការគត់សម្គាល់កិច្ចប្រជុំទាំងពីរ ធ្វើឡើងស្របពេលជាមួយខួបលើកទី៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា និងវៀតណាម។ កិច្ចប្រជុំនេះ ត្រូវបានគេរំពឹងថា នឹងផ្តល់ឱកាសឲ្យប្រទេសទាំងពីរ រំលឹកឡើងវិញនៃសមិទ្ធិផល ដែលសម្រេចបាននាពេលកន្លងមក រួមទាំងការរៀបចំផែនការទិសដៅសម្រាប់អនាគត ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងបន្ថែមនូវចំណងមិត្តភាពជាប្រពៃណី អ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរដែលមានស្រាប់៕