(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងលោកស្រី យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានឧបត្ថម្ភថវិកាចំនួន៤៥០ដុល្លារ ជូនដល់ឪពុករបស់កញ្ញា ប្រុស គឹមសៀក ជាសមាជិកក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក។
អំណោយសប្បុរសធម៌ខាងលើ ត្រូវបានជួយចែករំលែកដល់ក្រុមគ្រួសារកញ្ញា ដែលលោកឪពុករបស់កញ្ញា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បោកក្បាលនឹងថ្នល់ នៅស្រុកកំណើត ហើយត្រូវបានទទួលការវះកាត់ យ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ។
ការចុះសួរសុខទុក្ខនោះ ក៏មានវត្តមានរបស់លោក ហេង សុខគង់ ប្រធានក្រុមប្រឹក្សាភិបាល លោក លី ចាន់សុភក្តី អនុប្រធានក្រុមប្រឹក្សាភិបាល លោកវេជ្ជបណ្ឌិត ហាស់ សំអឿន អនុប្រធានក្រុមការងារប្រតិបត្តិ រួមទាំងសហការី នៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ជាច្រើនរូបទៀត។
លោក ហេង សុខគង់ បានណែនាំឱ្យកញ្ញា គឹមសៀក បន្តយកពេលវេលាថែទាំអ្នកមានគុណឱ្យបានល្អ ហើយក្នុងករណីចាំបាច់ ត្រូវការសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក នោះ សម្ព័ន្ធគ្រូពេទ្យទាំងអស់ នឹងព្យាយាមជួយសម្របសម្រួល ជាមួយក្រុមគ្រួសារសម្ព័ន្ធគ្រូពេទ្យ នៅមន្ទីរពេទ្យកាល់ម៉ែត្របន្តទៀត ក្រោមការយកចិត្តទុកដាក់គ្រប់ពេលវេលា និងផ្តល់កម្លាំងចិត្ត ពីសំណាក់លោក ហ៊ុន ម៉ានី និងលោកស្រី៕